ក្រុមហ៊ុនធំៗជប៉ុនជំរុញរដ្ឋាភិបាលខ្លួនសម្រេចឱ្យបានគោលដៅថាមពលកកើត ឡើងវិញនៅឆ្នាំ២០៣០

ដោយគង់ លាងហួរ

តូក្យូ​ ក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុនSony Panasonic និងNissanនៅថ្ងៃចន្ទនេះ បានជំរុញឱ្យរដ្ឋាភិបាលជប៉ុនព្យាយាមទ្វេរដង ក្នុងការសម្រេចឱ្យបានគោលដៅ ផលិតថាមពលកកើតឡើងវិញនាឆ្នាំ២០៣០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីលោក Yoshihide Suga កាលពីឆ្នាំមុនបានកំណត់ថា ឆ្នាំ២០៥០ ជាឆ្នាំគោលដៅសម្រាប់ជប៉ុន ក្នុងការក្លាយប្រទេសរក្សាបាននូវលំនឹងកាបូន ប៉ុន្តែគោលដៅផលិតថាមពលកកើតឡើងវិញ រយៈពេលខ្លីរបស់ប្រទេសនេះ ត្រូវបានរិះគន់ថាមានការយឺតយ៉ាវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្មីៗនេះប្រទេសជប៉ុន មានបំណងទាញយកថាមពលពីសូឡា និងខ្យល់ពី២២ទៅ២៤% នៅឆ្នាំ២០៣០ ដែលបានកំណត់កាលពី៣ឆ្នាំមុន ខណៈរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រផលិតថាមពលរបស់ខ្លួនឡើងវិញ។

ក្រុមហ៊ុនចំនួន៩២ ដែលត្រូវបានគេស្គាល់ថាជាក្រុមJapan Climate Initiative នៅថ្ងៃចន្ទនេះ បានជំរុញឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធ បង្កើនកិច្ចព្រមព្រៀងទ្វេដង ដើម្បីសម្រេចគោលដៅឱ្យបានដល់ពី៤០ ទៅ៥០%។

ក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើន ដូចជា ក្រុមហ៊ុន Fujifilm ក្រុមហ៊ុនToshiba ក្រុមហ៊ុនធានារ៉ាប់រង អគ្គិសនី ចំណីអាហារ និងភេសជ្ជៈ បានចុះហត្ថលេខាលើលិខិតមួយ ដើម្បីជំរុញរដ្ឋាភិបាលជប៉ុនពន្លឿនកិច្ចការនេះ។

លិខិតនេះបានឱ្យដឹងថា “ដើម្បីឱ្យប្រទេសជប៉ុន បំពេញនូវទំនួលខុសត្រូវរបស់ខ្លួន ដើម្បីក្លាយជាមេដឹកនាំមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ការសម្រេចគោលដៅនេះត្រូវមានមហិច្ឆិតាខ្ពស់”។

លិខិតខាងលើបានបញ្ជាក់ទៀតថា “គោលដៅ ដែលមានមហិច្ឆិតានេះ នឹងជំរុញការផលិតថាមពលកកើតឡើងវិញកាន់តែខ្លាំង ហើយក្រុមហ៊ុនជប៉ុននឹងអាចដើរតួនាទីសំខាន់ជាងមុន នៅកន្លែងដែលមានការបាត់បង់កាបូនច្រើន លើពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here