ក្រុមវិស័យឯកជនបើកកិច្ច​ប្រជុំ​បន្ទាន់​លើ​បញ្ហា​ក្នុង​វិស័យ​ដឹកជញ្ជូន​ និង​ការ​ចុះ​ត្រួត​ពិនិត្យ​ឃ្លាំង​ និង​ការ​ឃាត់​ទំនិញ​របស់​អាជ្ញាធរ​ដែន​ដី

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំវិស័យឯកជន បានបើកកិច្ចពិភាក្សាបន្ទា​ន់ ស្តីពី “ការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី។

កិច្ចប្រជុំកាលពីថ្ងៃទី១៩ មិថុនា បានធ្វើឡើងនៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហដឹកនាំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។

កិច្ចប្រជុំនេះមានការចូលរួមពីផ្នែកឯកជន រួមមាន ប្រធានសមា​គម ប្រធានក្រុមហ៊ុន តំណាងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូលបម្រើផលិតកម្មផលិតក្នុងស្រុក ជាច្រើន។

កិច្ចពិភាក្សាការងារបន្ទាន់នេះ បានពិភាក្សា និងស្តាប់អំពីបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងសកម្មភាពការធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា។

គោលបំណងនៃកិច្ចប្រជុំនេះមានដូចជា (១) រៀបចំកិច្ចពិភាក្សាផ្ទៃក្នុងបន្ទាន់មួយ ដើម្បីប្រមូលព័ត៌មាន កត់ត្រារាល់ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រជូនវិស័យឯកជន។ (២) កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងបញ្ចៀសផលប៉ះពាល់ អវិជ្ជមានលើបរិយាកាសធុរកិច្ច សង្វាក់ផលិតកម្ម និងការងាររបស់កម្មករ-ជានិយោជិត បណ្តាលមកពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញ ដែលខ្វះអនុលោមភាពច្បាប់របស់អាជ្ញាធរមានសម្ថកិច្ច។

ជាសង្ខេបនៃដំណើការពិភាក្សាអំពី (១) ផលប៉ះពាល់លើសង្វាក់ផលិតកម្ម៖ វិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់របស់អាជ្ញាធរដែនដី បានបង្កការរំខានធ្ងន់ធ្ងរដល់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs) ដែលត្រូវការវត្ថុធាតុដើមចាំបាច់ សម្រាប់ចង្វាក់ផលិតកម្មប្រចាំថ្ងៃ។ (២) វិបត្តិហិរញ្ញវត្ថុអាជីវកម្ម៖ ការផ្អាកផលិតកម្មបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ និងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។

(៣) បញ្ហានីតិវិធីរបស់អាជ្ញាធរ៖ អង្គប្រជុំកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួន ធ្វើឡើងដោយខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយជំនាញ។ ការផ្សព្វ​ផ្សាយរូបភាពបង្ក្រាបលក្ខណៈខ្លីៗ លើបណ្តាញសង្គម បានបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថិរភាពការវិនិយោគ និងទំនុកចិត្តក្នុងការវិនិយោគ។

សេចក្តីសន្និដ្ឋានលទ្ធផលនៃអង្គប្រជុំ (១) ប្រកាន់ខ្ជាប់យន្តការច្បាប់៖ អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫទំនិញគេចពន្ធ និងទំនិញនាំចូលឫទំនិញដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់។ (២) ស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here