ដោយ: សុខុម
ឌូបៃ: ក្រុងឌូបៃ (Department of Economic Development) បានលើកឡើងកាលពីថ្ងៃទី១៧ ខែមករាថា ការចេញអាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ២០២០ បានកើនឡើងរហូតដល់១៣២% ថ្វីបើមានបញ្ហាប្រឈមជាច្រើន ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩យ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ khaleejtimes.com។
ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសអារ៉ាប់អេមីរ៉ាតបានឲ្យដឹងថា ទីក្រុងឌូបៃបានចេញសេចក្ដីថ្លែងការណ៍ថា ការចេញអាជ្ញាប័ណ្ណអាជីវកម្ម តាមអនឡាញបានកើនឡើងរហូតដល់៥.៧៩៩អាជ្ញាប័ណ្ណ ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងចំនួន២.៥០០អាជ្ញាប័ណ្ណក្នុងឆ្នាំ២០១៩។
អាជ្ញាប័ណ្ណអាជីវកម្មនេះ បានចេញដោយអាជ្ញាធរចុះបញ្ជី និងផ្ដល់អាជ្ញាប័ណ្ណអាជីវកម្ម (Business Registration & Licensing) ដែលស្ថិតក្រោមចំណុះក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងឌូបៃ ផ្ដល់លទ្ធភាពឱ្យធ្វើសកម្មភាពលក់តាមអនឡាញ ដោយស្របច្បាប់។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៧មក អាជ្ញាធរចុះបញ្ជី និងផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មបានផ្ដល់អាជ្ញាប័ណ្ណសរុបចំនួន៩.៩៤៩អាជ្ញាប័ណ្ណ គិតត្រឹមដំណាច់ឆ្នាំ២០២០។ ក្នុងចំណោមអាជ្ញាប័ណ្ណទាំងអស់នេះ មាន៥៧% ត្រូវបានចេញជូនស្ត្រីចំនួន៥.៧០៤នាក់។
ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចបានចេញសេចក្ដីថ្លែងការណ៍ថា “កំនើននេះឆ្លុះបញ្ចាំងពីការផ្ដោតយកចិត្តទុកដាក់ របស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច លើការលើកកម្ពស់អាជីវកម្មតាមអនឡាញ (e-commerce) និងការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ក្រុងឌូបៃ ព្រមទាំងការផ្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការសម្រេចចក្ខុវិស័យរបស់រដ្ឋាភិបាល ដើម្បីជំរុញអាជីវកម្មតាមប្រព័ន្ធឌីជីថល និងបង្កើនការផ្សព្វផ្សាយអំពី e-platform ដែលជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម”។
របាយការណ៍ ដែលចេញដោយអាជ្ញាធរចុះបញ្ជី និងផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មបង្ហាញថា “សេវាកម្មទីផ្សារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ” (Marketing Services Via Social Media) បានជាប់ចំណាត់ថ្នាក់កំពូល នៃបញ្ជីអាជ្ញាប័ណ្ណអាជីវកម្មទូទៅ គិតត្រឹមដំណាច់ឆ្នាំ២០២០”។
លោក Shailesh Dash ដែលជាហេរញ្ញិក និងជាសហគ្រិនបានថ្លែងថា អាជ្ញាប័ណ្ណអាជីវកម្មគឺជាគំនិតផ្ដួចផ្ដើមមួយ ក្នុងចំណោមគំនិតផ្ដួចផ្ដើមសំខាន់ៗ ដែលដាក់ចេញដោយមន្ទីរអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងឌូបៃ ដើម្បីជួយលើកកម្ពស់អាជីវកម្មធនតូច និងមធ្យម (SMEs) អ្នកធ្វើការងារក្រៅក្របខណ្ឌ (Freelancer) និងម្ចាស់អាជីវកម្មទើបបើកថ្មីនៅក្រុងឌូបៃ ដែលជាទីក្រុងមានស្ថិរភាពសេដ្ឋកិច្ច និងមានសុវត្ថិភាពបំផុតក្នុងពិភពលោក។
តាមរយៈអាជ្ញាប័ណ្ណអាជីវកម្ម ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងឌូបៃ ព្យាយាមធ្វើនិយ័តកម្ម និងសម្រួលដល់ការធ្វើអាជីវកម្មតាមអនឡាញ ស្វែងរក Platform មួយដែលគាំទ្រ និងអភិវឌ្ឍពាណិជ្ជកម្ម ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអតិថិជនជាមួយអ្នកលក់។
យោងតាមទិន្នន័យផ្ដល់ដោយអង្គការសហប្រជាជាតិបង្ហាញថា ប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្នុងឆ្នាំ២០២១ មានប្រជាជនសរុបចំនួន៩,៩៩លាននាក់ ហើយយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលក្រុងឌូបៃ នៃប្រទេសខាងលើនេះបង្ហាញថា ប្រជាជនសរុបក្នុងក្រុងឌូបៃ ក្នុងឆ្នាំ២០២០ មានចំនួន៣,៣៨លាននាក់៕







