ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនបន្តិចនៅខែឧសភា ខណៈវិស័យអចលនទ្រព្យនៅតែបន្តរងផលប៉ះពាល់ ដោយសារតម្រូវការធ្លាក់ចុះ ទោះបីជាទីក្រុងធំៗបានបង្ហាញសញ្ញានៃស្ថិរភាពយ៉ាងណាក្តី។
តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,២ភាគរយក្នុងខែឧសភា បើធៀបនឹងការធ្លាក់ចុះ០,១ភាគរយក្នុងខែមេសា។ នេះបើយោងតាមការគណនារបស់កាសែត Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិនៃប្រទេសចិន។
បើគិតលើមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះនៅក្នុងខែឧសភាបានធ្លាក់ចុះ៣,៥ភាគរយ ស្មើគ្នានឹងការធ្លាក់ចុះនៅក្នុងខែមេសា។
ការថយចុះនៃតម្លៃផ្ទះបានជះផលប៉ះពាល់ដល់ក្តីសង្ឃឹមថា វិស័យអចលនទ្រព្យ ដែលធ្លាប់គ្របដណ្តប់ចំណែកប្រហែលមួយភាគបួននៃសេដ្ឋកិច្ចចិន កំពុងតែជិតងើបឡើងវិញ បន្ទាប់ពីដាំក្បាលចុះជិត៥ឆ្នាំ។
វិបត្តិនេះមិនត្រឹមតែជះផលប៉ះពាល់ដល់ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែ វិបត្តិនេះក៏បានជះផលអវិជ្ជមានសម្រាប់ម៉ាស៊ីនកំណើនសេដ្ឋកិច្ចចិនផងដែរ ដោយកាត់បន្ថយទំនុកចិត្ត និងការចំណាយរបស់អ្នកប្រើប្រាស់។
ប៉ុន្តែ លោក Zhang Dawei អ្នកវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានអះអាងថា រយៈពេលនៃការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃផ្ទះនៅទូទាំងប្រទេសចិនបានកន្លងផុតទៅហើយ ហើយទីផ្សារមិនប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចុះយ៉ាងគំហុកទៀតនោះទេ។
លោក Zhang បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យនឹងមានភាពខុសគ្នា អាស្រ័យទៅលើទីក្រុងលំដាប់ទី១ ទីក្រុងលំដាប់ទីពីរ និងទីក្រុងលំដាប់ទី៣។
តម្លៃនៅតាមទីក្រុងធំៗរបស់ប្រទេសចិន ដូចជាទីក្រុងសៀងហៃ ទីក្រុងសិនជិន និងក្វាងចូវបានកើនឡើង០,២ភាគរយក្នុងខែឧសភា បន្ទាប់ពីកើនឡើង០,១ភាគរយក្នុងខែមេសា។ តម្លៃផ្ទះនៅតាមទីក្រុងតូចៗបានបន្តធ្លាក់ចុះក្នុងខែឧសភា៕ប្រភព: Reuters៕








