ដោយៈគង់ លាងហួរ
អន្តរជាតិៈ ធនាគារ JPMorgan Chase ដែលជាធនាគារធំបំផុតរបស់អាមេរិកបានឱ្យដឹងថា ប្រាក់ចំណេញរបស់ធនាគារនៅត្រីមាសទី៤ ឆ្នាំ២០២០ បានឡើងដល់៤២% បើធៀបនឹងឆ្នាំមុន។
ដំណឹងល្អមួយទៀត គឺក្រុមហ៊ុនវិនិយោគរបស់ធនាគារនេះ ក៏បានទទួលជោគជ័យនៅចុងក្រោយត្រីមាសឆ្នាំមុនផងដែរ បើទោះបីមានវិបត្តិជំងឺកូវីដ១៩ក៏ដោយ។
យោងតាមចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹថា ធនាគារដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉កនេះបានឱ្យដឹងថា ធនាគាររកប្រាក់ចំណេញបាន១២.១៤ពាន់លានដុល្លារអាមេរិក រឺ៣.៧៩ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន កើនឡើងពី៨.៥២ពាន់លានដុល្លារ រឺ២.៥៧ដុល្លារក្នុងមួយភាគហ៊ុន បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ធនាគាររកបានប្រាក់ចំណេញ៣.០៧ដុល្លារក្នុងមួយហ៊ុន ខ្ពស់ជាង២.៦២ដុល្លារក្នុងមួយភាគហ៊ុន ដែលអ្នកវិភាគបានព្យាករសម្រាប់ធនាគារនេះ។
ធនាគារ JP Morgan បានបញ្ចេញថវិកាមួយចំនួន ដែលខ្លួនបានត្រៀមទុកកាលពីឆ្នាំមុន ដើម្បីទូទាត់ការខាតបង់ពីប្រាក់កម្ចីមិនដំណើរការ ដែលបណ្ដាលមកពីជំងឺរាតត្បាត និងការធ្លាក់ចុះសេដ្ឋកិច្ចជាបន្តបន្ទាប់។ ធនាគារបានត្រៀមទុកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីគ្រប់គ្រងប្រាក់កម្ចីមិនដំណើរការ ហើយធនាគារនេះ ក៏បានចាត់វិធានការយ៉ាងសកម្ម ក្នុងការសន្សំថវិកាអំឡុងពេលជំងឺរាតត្បាតផ្ទុះដំបូង។
ការបញ្ចេញមូលនិធិទាំងនេះ គឺបញ្ចប់ទុន ដែលត្រៀមទុករួចជាស្រេចរបស់ធនាគារ ហើយវាមិនមែនជាប្រាក់ចំណេញ ដែលធនាគារទទួលបានពីកម្ចីឥណទាន អតិថិជន រឺអ្នកខ្ចីនោះទេ។
ការបញ្ចេញប្រាក់១.៩ពាន់លានដុល្លារអាមេរិក គ្រាន់តែជាចំណែកមួយ ដែលធនាគារបានកំណត់កាលពីឆ្នាំមុន ហើយជាមួយការរាតត្បាតរបស់ជំងឺកូវីដ១៩ នៅពាសពេញពិភពលោក និងជាពិសេសនៅអាមេរិក វាមិនទាន់មានភាពច្បាស់លាស់ទេថា តើធនាគារនេះ នឹងបញ្ចេញកញ្ចប់លុយប៉ុន្មានទៀតនៅត្រីមាសខាងមុខ។
លោក Jamie Dimon នាយកប្រតិបត្តិធនាគារ JP Morgan បានថ្លែងថា “នៅពេលដែលមានការចាក់វ៉ាក់សាំង និងកញ្ចប់ជំរុញកំណើនសេដ្ឋកិច្ចរបស់អាមេរិក វានឹងចូលរួមចំណែកជួយដល់ការបញ្ចេញទុនបម្រុង របស់យើងនៅត្រីមាសនេះ ហើយទុនបម្រុងរបស់យើងចំនួន៣០ពាន់លានដុល្លារត្រូវបានត្រៀម ដើម្បីឆ្លើយតបនឹងភាពមិនប្រាកដរបស់សេដ្ឋកិច្ចពិភពលោក”៕







