សេដ្ឋវិទូក្រើនរលឹកពីការប្រើប្រាស់លុយបានពីធនធានប្រេងគួរធ្វើឡើងដោយ ប្រយ័ត្នប្រយែង

ដោយៈ លក្ខិណា

ភ្នំពេញៈ កម្ពុជាបានចាប់ផ្ដើមបូមប្រេងជាផ្លូវការ កាលពពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ហើយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាទន្ទឹងរង់ចាំយូរមកហើយ នូវការទាញយកដំណក់ប្រេងរបស់ខ្លួន។

ទន្ទឹមនឹងការបូមប្រេងនេះដែរ សេដ្ឋវិទូបានផ្ដល់ជាទស្សនទានឱ្យកម្ពុជា ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការចាយវាយថវិកាដែលបានមកពីការបូមប្រេងនេះ។

លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយថា នៅក្នុងប្រទេសមួយមិនខុសពីគ្រួសារមួយទេ។ នៅពេលដែលយើងមានធនធានមិនសូវសំបូរធូរធារ គឺអាចបញ្ជូនកូនទៅរៀនត្រឹមឌីប្លូម ឬបាក់ឌុប តែនៅពេលយើងចាប់ផ្ដើមធនធាន ដែលមកពីកេរដូចតា យើងអាចបញ្ជូនកូនទៅរៀនថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតរហូតដល់ក្រៅប្រទេស ដើម្បីឱ្យពួកគេមានចំណេះ ហើយអាចរកលុយបានច្រើន បើទោះបីជាអស់ធនធានពីដូនតាក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការទទួលបានប្រេងនៅពេលនេះក៏ដូចគ្នាដែរ បើសិនជាបានលុយមកពីការបូមប្រេង ហើយយកទៅវិនិយោគនៅកន្លែងណាដែលត្រឹមត្រូវ ពេលអស់ប្រេងក៏យើងមានធនធាន ហើយនៅតែអាចរកលុយបានបន្តបន្ទាប់ទៀត”។  លោកថា “យើងត្រូវតែចាយលុយដោយប្រយ័ត្នប្រយែង ហើយត្រូវពិចារណាថា ប្រទេសយើងត្រូវការអ្វី យើងវិនិយោគលើនោះ គឺអត់ខុសឡើយ ដោយមិនយកលុយទៅទិញសម្ភារ ទិញឡានទំនើបៗជិះក្ឌុងក្ឌាំងនោះទេ”។

លោកបន្តថា លុយដែលបានមកក៏អាចចាយទៅវិញ ហើយវាក៏អាចត្រលប់មកវិញ ម្ដងទៀតដែរ តែចំពោះប្រេងដែលកំពុងបូមនេះ បើកាលណាបូមអស់ហើយ វានឹងលែងមកម្ដងទៀតហើយ ដូច្នេះហើយយើងត្រូវប្រយ័ត្នឱ្យមែនទែន។

រដ្ឋាភិបាលកម្ពុជាដាក់ទិសដៅ ដោយយកចំណូលបានមកពីវិស័យប្រេង សម្រាប់វិនិយោគលើការអប់រំ សុខាភិបាល ដោយសារតែរដ្ឋាភិបាលចង់វិនិយោគលើធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០។ ក្រៅពីធនធានមនុស្ស គឺសុខុ​មាលភាពរបស់ប្រជាពលរដ្ឋ និងវិស័យផ្សេងៗទៀត ជាបន្តបន្ទាប់ទៅតាមលទ្ធភាពរបស់រដ្ឋាភិបាល ។

តាមការប៉ាន់ស្មានរបស់អ្នកជំនាញបានបង្ហាញថា ទីតាំងកំពុងបូមប្រេងនឹងទទួលបានប្រេងជាង៧៥០០បារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនតិចតួច ខណៈប្រទេសបូមប្រេងដទៃ គឺបានចំនួនច្រើនជាងកម្ពុជារាប់សិបដង។ ទោះបីជាទិន្នផលដែលទទួលបានមានចំនួនតិចតួច បរិមាណនេះត្រូវបានរាយការណ៍ថា នឹងបង្កើតបានប្រាក់ចំណូលថ្មីចំនួន៥០០លានដុល្លារក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here