ដោយៈ ចំណាន
ជប៉ុនៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ ជាមួយគណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) ដឹកនាំដោយលោកស្រី Kyoko Hirose អនុប្រធានOCCI និងជាប្រធានក្រុមហ៊ុន Hirose Manufacturing Co., Ltd.។
អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះ រួមមាន៖ លោកជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សារាជរដ្ឋាភិបាល លោកនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាការងារ យ៉ាងស៊ីជម្រៅលោក ឧបនាយករដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ទៅលើការបង្កើតទំនុកចិត្តជាយុទ្ធសាស្ត្រ និងបានគូសរំលេចពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលរួមមាន៖ ស្ថិរភាពនយោបាយពេញលេញ ម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់ កម្លាំងពលកម្មវ័យក្មេងប្រកបដោយសក្តានុពល និងការបើកចំហកញ្ចប់លើកទឹកចិត្តប្រកបដោយភាពបត់បែន និងទាក់ទាញបំផុ ក្រោមកិច្ចសម្របសម្រួលវិនិយោគនានាជាមួយច្បាប់ស្តីពីវិនិយោគថ្មី និងការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន -សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានបច្ចេកវិទ្យាខ្ពស់ ជាសមាជិករបស់OCCI ជាង៣០,០០០ ក្រុមហ៊ុន ឱ្យងាកមកសិក្សាស្វែងយល់ និងចាប់យកឱកាសធុរកិច្ចនៅកម្ពុជា ក្នុងនាមជាគោលដៅយុទ្ធសាស្ត្រ ដ៏មានសក្តានុពល ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ ឧស្សាហកម្មធុនធ្ងន់ គ្រឿងបង្គុំអេឡិចត្រូនិក និងបច្ចេកវិទ្យាបៃតង។
ជាការឆ្លើយតប លោកស្រីអនុប្រធានOCCI បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។
លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសក្តានុពលនានា របស់កម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងបរិបទដែលតំបន់អូសាកា កំពុងបោះជំហានចូលទៅកាន់យុគសម័យ ក្នុងនាមជាមជ្ឈមណ្ឌលនវានុវត្តន៍ និងឧស្សាហកម្ម ក្នងនាមOCCI លោកស្រីបានបង្ហាញឆន្ទៈ ក្នុងការបន្តដើរតួជាស្ពានសេដ្ឋកិច្ច ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មាន ពីសក្តានុពលជាក់ស្តែងរបស់កម្ពុជា ទៅកាន់បណ្តាញក្រុមហ៊ុន សមាជិកទាំងអស់របស់OCCI សំដៅជំរុញការផ្លាស់ប្តូរលំហូរទុនវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ Kansai និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ជាងមុន។
ជំនួបនេះ មិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំង ពីចំណងមិត្តភាពដ៏ស្អិតរមួត និងរឹងមាំក្រោមក្របខណ្ឌ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំហានដើរដ៏មានឥទ្ធិពល ក្នុងការបើកច្រកសេដ្ឋកិច្ចដោយផ្ទាល់រវាងស្ថាប័នរដ្ឋភិបាលកម្ពុជា ជាមួយវិស័យឯកជននៅទីក្រុងអូសាកា ដើម្បីនាំមកនូវផលប្រយោជន៍ និងការអភិវឌ្ឍន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិទាំងមូល៕









