សមាគម​ទេសចរណ៍​វ័យ​ចំណាស់​ជាង​គេ​នៅ​កម្ពុជា​ប្រារព​ខួប​៣០​ឆ្នាំ​ ជាមួយ​នឹង​ការ​ដាក់​ចេញ​យុទ្ធសាស្រ្ត​ថ្មី​ពី​មន្រ្តី​ជាន់​ខ្ពស់​

ដោយៈ ចំណាន

    ភ្នំពេញៈ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ព័ត៌មានខាងលើត្រូវបានលើកឡើងដោយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញចូលរួមក្នុងរាត្រីសមោសរខួបអនុស្សាវរីយ៍លើកទី៣០ របស់សមាគមទេសចរណ៍កម្ពុជា ក្រោមអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាត្រីសមោសរខួបអនុស្សាវរីយ៍លើកទី៣០ របស់សមាគមទេសចរណ៍កម្ពុជា មានការអញ្ជើញចូលរួមពីលោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងអន្តរក្រសួង ស្ថាប័ន, វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ២០០នាក់។

លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន
លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចជាកាល តែងតែបានផ្តួចផ្តើម និងបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា កម្មវិធីសប្បុរសធម៌ និងព្រឹត្តិការណ៍មហាជនជាច្រើន នាពេលកន្លងមក ដែ​លសុទ្ធសឹងជាតម្លៃបន្ថែមខ្ពស់ ក្នុងការលើកស្ទួយកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ការជំរុញចលនាទេសចរក្នុងស្រុក ក៏ដូចជាការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមទេសចរណ៍កម្ពុជាក្រោមការដឹកនាំរបស់ លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន, ក្រុមប្រឹក្សាភិបាលសមាគម, ព្រមទាំងប្រតិបត្តិករទេសចរណ៍ សមាជិកនីមួយៗរបស់ សមាគម។

លោកហួត ហាក់បានថ្លែងគូសបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ សមាគមCATA បានឈរជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងស្មោះត្រង់ជាមួយក្រសួងទេសចរណ៍ ដោយបានរួមដំណើរជាមួយគ្នា នៅគ្រប់កាលៈទេសៈ ទាំងក្នុងពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន និងក្នុងគ្រាដែលវិស័យទេសចរណ៍ ជួបប្រទះការលំបាក។

លោកហួត ហាក់
លោកហួត ហាក់

លោកបានថ្លែងគូសបញ្ជាក់ថា ជាក់ស្តែង ស្មារតីសហការ ការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់សមាគមCATA ត្រូវបានបង្ហាញ តាមរយៈការអនុវត្តសកម្មភាពរួមគ្នា ជាច្រើនរាប់មិនអស់ ជាមួយក្រសួងទេសចរណ៍ និងគ្រប់តួអង្គភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសមិទ្ធផល និងស្នាដៃធំៗសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទ្រទ្រង់ ពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកប​ដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា កម្មវិធីដ៏មានសារៈសំខាន់នាល្ងាចនេះ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមិនអាចខ្វះបានរវាងក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍, និយាយជារួម, និងជាមួយសមាគមទេសចរណ៍កម្ពុជា និយាយដោយទ្បែក។

តាមរយៈកិច្ចសហការនាពេលកន្លងមក និងនាពេលអនាគតលោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា មហាគ្រួសារវិស័យទេសចរណ៍ ពិតជាអាចរួមគ្នាឆ្លងកាត់គ្រាដ៏លំបាក និងបេ្តជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ក្រោមដំបូលរាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សំដៅធ្វើយ៉ាងណាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍ ក្លាយជាក្បាលម៉ាស៊ីនរុញដោល កំណើនវិស័យសេដ្ឋកិច្ច-សង្គមដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here