ក្រសួងទេសចរណ៍​ និង​សាលាអន្តរជាតិ​មួយ​សហការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា និងសាលាទេសចរណ៍វៀតណាមសហការរួមគ្នា បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យបានឈានមុខគេ និងកម្រិតអន្តរជាតិ។

ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានគោលការណ៍ បានអនុញ្ញាតលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងទស្សនកិច្ចសាលាទេសចរណ៍ហាណូយ ដើម្បីដកស្រង់បទពិសោធ និងការបង្កើតកាលានុវត្តភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានពិភាក្សាការងារ​ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Bùi Tất Hiếu សាកលវិទ្យាធិការស្តីទី នៃសាលាទេសចរណ៍ហាណូយ លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងមហាវិទ្យាល័យទេសចរណ៍ហាណូយ ជាមួ​យសាលាវិជ្ជាជីវៈទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU)នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនេះ​ លោករដ្ឋមន្ត្រី បានអញ្ជើ​ញទស្សនាកន្លែងអនុវត្តជាក់ស្តែង របស់និស្សិតដែលកំពុងសិក្សានៅសាលា ជាពិសេសសាលបណ្តុះបណ្តាលអនុវត្តក្នុងការរៀបចំ និងចម្អិនម្ហូបអាហារ ដែលបង្ហាញពីសមត្ថភាព បណ្តុះបណ្តាលជាក់ស្តែងក្នុងវិស័យបដិសណ្ឋារកិច្ច។

ជាមួយគ្នានេះ​ ភាគីខាងសាលាទេសចរណ៍ហាណូយ ក៏បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការចូលរួមពង្រឹងសមត្ថភាព ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងផ្តល់គ្រូឧទ្ទេស និង​អ្នកជំនាញចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានានៅកម្ពុជា ព្រមទាំងមានការពិភាក្សាលើការរៀបចំកម្មវិធីស្រាវជ្រាវរួម និងការផ្លាស់ប្តូរសិស្ស-និស្សិតទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងយន្តការសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងជាក់ស្តែង ដោយចាត់តាំងក្រុមការងារបច្ចេកទេសរៀងៗ ខ្លួន ដើម្បីរៀបចំផែនការសកម្មភាពអនុវត្ត និងព្រាងខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខានាពេលខាងមុខ​។ ភាគីទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាលធនធានមនុស្សទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព និងការបង្កើនភាពប្រកួតប្រជែងក្នុងតំបន់៕

សាលាទេសចរណ៍ហាណូយ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលទេសចរណ៍ដំបូងបង្អស់នៅវៀតណាម ដែលបានបើកដំណើរការនៅឆ្នាំ១៩៧២ ដោយផ្តល់ការបណ្តុះបណ្តាល លើជំនាញវិជ្ជាជីវៈទេសចរណ៍សំខាន់ៗចំនួន៩ និងមាននិស្សិតចូលសិក្សាប្រមាណ២,០០០ នាក់ក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here