ដោយៈ ចំណាន
វៀតណាមៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាសហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Lam Thi Phoung Thanh រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម និងសហការីជាន់ខ្ពស់ នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងឱកាសលោកបានអមដំណើរសម្តេចធិបតីទស្សនកិច្ចប្រទេសវៀតណាមក្នុងសប្តាហ៍នេះ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវ Lam Thi Phoung Thanh ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្រ្តី កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់យោបល់ និងទស្សនៈស៊ីជម្រៅ លើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុលោមតាមស្មារតីនៃជំនួបទ្វេភាគី និងពិភាក្សាការងារកម្រិតខ្ពស់ រវាងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-វៀតណាម។
អនុស្សរណនេះ បានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដោយបានឯកភាពលើផែនការសកម្មភាពការងារសំខាន់ៗ ទី ១. ជំរុញការតភ្ជាប់ទេសចរណ៍តាមគ្រប់មធ្យោបាយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបន្ថែមទៀត ជាពិសេស ឯកភាពក្នុងការតភ្ជាប់ខ្សែនាវាចរណ៍តាមសមុទ្ររវាងកំពង់ផែអន្តរជាតិកោះភូកួក និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងទេសចរណ៍តាមនាវា តាមបណ្តោយទន្លេមេគង្គនៃប្រទេសទាំងពីរ ដោយភ្ជាប់ពីទីក្រុងហូជីមិញមករាជធានីភ្នំពេញ និងខេត្តសៀមរាប និងអាចភ្ជាប់ទៅប្រទេសឡាវនាពេលអនាគត ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទី៣។
២. ជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍គ្នា នៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ រួមមាន៖ វេទិកាវិនិយោគទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ វេទិកាទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍កីឡា។ ៣. ជំរុញតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ ដោយជំរុញកិច្ចសហការរវាងផ្នែកឯកជន ក្នុងការរៀបចំកញ្ចប់ទេសចរណ៍រួម ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍ ទៅគោលដៅទេសចរណ៍បន្ទាប់បន្សំ (Secondary Destination) ដើម្បីបង្កើនរយៈពេលស្នាក់នៅរបស់ទេសចរ ក្នុងប្រទេសទាំងពីរ ក៏ដូចជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍រួមគ្នា។
ទី៤. បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្លាស់ប្តូរការបណ្តុះបណ្តាលទេសចរណ៍ក្នុងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរ មានគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមានភាពឈានមុខក្នុងផ្នែកបដិសណ្ឋារកិច្ច
៥. ជំរុញរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ច ស្វែងយល់សម្រាប់ Influnencers និងផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីអាចមកស្វែងយល់ពីសក្តានុពលដ៏សម្បូរបែប និងបន្តផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាប្រទេសទីបី។
ដើម្បីជំរុញអនុវត្តនូវផែនការ ដែលបានដាក់ចេញខាងលើឱ្យបានជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព ក្រុមការងារបច្ចេកទេស ត្រូវបានចាត់តាំង ដើម្បីតាមដានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រោងបន្តពិនិត្យវឌ្ឍនភាព នាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាមលើកទី១ អំឡុងពេលនៃពិព័រណ៍ទេសចរណ៍អន្តរជាតទីក្រុងហូជីមិញ (ITE-HCMC) ក្នុងខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញខាងមុខ៕








