(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ផ្ទះសម្បែងនៅមជ្ឈមណ្ឌលជនភៀសសឹក បើទោះបីទៅថ្ងៃមុខ ដីខ្មែរត្រូវបានទាមទារពីថៃវិញក៏ដោយ ក៏ផ្ទះនិងដីនៅមជ្ឈមណ្ឌលជនភៀសសឹកនេះ នឹងក្លាយទៅជាកម្មសិទ្ធិរបស់បងប្អូនជនភៀសសឹកមួយជីវិត។
ការបង្ហើបបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើទោះបីជាផ្ទះបងប្អូន បានត្រឡប់មកវិញក៏ដោយ ផ្ទះនេះច្បាស់ណាស់ គឺទៅជាផ្ទះរបស់បងប្អូនមួយជីវិតហើយ។ ហើយនេះជាសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្ដីទេ ក៏ប៉ុន្ដែថ្ងៃដែលខ្ញុំប្រជុំនៅភ្នំពេញ ខ្ញុំក៏ធ្លាប់បញ្ជូនសារមួយថា នាយករដ្ឋមន្រ្ដី ឱ្យផ្ទះទៅប្រជាពលរដ្ឋតែម្ដងទៅ»។
សម្តេចបានបន្តថា សម្តេចធ្លាប់ស្គាល់ប្រវត្ដិនៃសង្គ្រាមពីឆ្នាំ១៩៧០ ដល់ ១៩៧៥ បន្ទាប់មកពី១៩៧៩ ដល់១៩៩៨ ហើយជនភៀសខ្លួនយើងនៅកន្លែងនេះមានឡាន មានម៉ូតូជាច្រើន។ល។ ប៉ុន្ដែយើងមិនចង់បានបែបហ្នឹងទេ គឺយើងចង់ទៅនៅផ្ទះយើង ដែលមានមុខរបរ ក៏ប៉ុន្ដែរឿងវាបានកើតឡើងហើយ អញ្ចឹងយើងត្រូវរកដំណោះស្រាយមួយសមស្រប ដើម្បីដោះស្រាយឱ្យប្រជាជននៅទីនេះ មានសុខភាព យកចេញពីជំរំ ដែលរស់នៅទាំងលំបាកមកកាន់ផ្ទះសម្បែងនេះ ហើយផ្ទះសម្បែងនេះ សម្តេចលើកទឹកចិត្ដឱ្យបងប្អូនធ្វើបន្ដ ដើម្បីធ្វើឱ្យផ្ទះស្អាត។

សម្តេចតេជោ បានថ្លែងថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថានឹងមានភូមិផ្ទះស្អាត ដើម្បីប្រលងប្រណាំង ហើយអ្នកលេខ១ ទទួលបានថវិកា ៣ពាន់ដុល្លារ លេខ២ ថវិកា ២ពាន់ដុល្លារ និងលេខ៣ ថវិកា ១ពាន់ដុល្លារ ដោយវាយតម្លៃ៣ខែម្តង ព្រោះស្អាតមិនបែបគាត់មិននៅផ្ទះនឹងទេ ស្អាតដើម្បីយើងអនាម័យ នេះក៏ជាវិធីដោះស្រាយរបស់យើងនៅពេលនេះ ហើយយើងត្រូវខិតខំរបៀបម៉េច ការបង្កលក្ខណៈដើម្បីដោះស្រាយនូវបញ្ហាដែលបានចោទឡើង។
សម្តេចបានបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាមទេ ហើយយើងក៏បានរៀបចំខ្លួនដែរក្នុងករណីមានការបំពានបន្ថែម។ សម្តេចបញ្ជាក់ថា ខាងភាគីថៃនិយាយថា គេមិនធ្វើសកម្មភាពទេ ឯយើងក៏មិនធ្វើសកម្មភាពដែរ។ បើមិនធ្វើសកម្មភាពភាគីទាំង២ គឺត្រូវគ្នា ហើយក៏មិនចាំបាច់និយាយរឿងបើក និងបិទ ទល់ដែននោះទេ កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ហើយ ក្នុងការដោះស្រាយបញ្ហា។
ជាថ្មីម្ដទៀត សម្តេចតេជោក៏សូមអំពាវនាវកងទ័ព និងអាជ្ញាធរ ដែលឈរនូវតំបន់នេះ ជួយទិញនូវកសិផលដែលប្រជាជនផលិត ដើម្បីផ្គត់ផ្គង់ឱ្យកងទ័ពរាប់ម៉ឺននាក់ ដែលនូវតាមខ្សែព្រំដែនទាំងខេត្ដព្រះវិហារ ខេត្ដ ឧត្ដរមានជ័យ ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង និងខេត្ដពោធិ៍សាត់ ត្រូវទិញបន្លែ និងសត្វ ដែលប្រជាពលរដ្ឋចិញ្ចឹមដើម្បីយកផ្គត់ផ្គង់ឱ្យកងទ័ព និងក្លាយទៅជាទីផ្សារកងទ័ពរាប់ម៉ឺននាក់៕









