ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមមន្រ្តី និងអ្នកជំាញបានបើកសិក្ខាសាលា ដើម្បីចាប់ផ្តើមអនុវត្តគម្រោងកសាងសមត្ថភាព និងពង្រឹងស្ថាប័នសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ នៅក្នុងប្រទេសតំបន់មេគង្គ។
សិក្ខាសាលានេះ ដឹកនាំដោយលោកជំទាវ ហួត លីដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង រួមជាមួយលោក Madhurjya Kumar Dutta នាយកគ្រប់គ្រងគម្រោងនៃវិទ្យាស្ថានមេគង្គ បានអញ្ជើញជាសហប្រធានដឹកនាំ សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងកសាងសមត្ថភាព និងពង្រឹងស្ថាប័នសម្រាប់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន និងភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ នៅក្នុងប្រទេសតំបន់មេគង្គ”។
សិក្ខាសាលានេះ មានការចូលរួមពីលោកជំទាវអគ្គនាយកភស្តុភារកម្ម តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសឡាវ តំណាងដៃគូសហការនៃប្រទេសកូរ៉េ តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងរដ្ឋបាលខេត្តស្ទឹងត្រែង តំណាងទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងស្រែ តំណាងទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងសមាជិកនៃគម្រោងជាច្រើនរូប។
សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង (Kick-off Workshop)នេះ រៀបចំឡើងក្នុងគោលបំណង (១). ប្រកាសសមាសភាពក្រុមការងារគម្រោង (២) . ពិនិត្យផែនការការងារ លទ្ធផលរំពឹងទុក និងដំណើរការអនុវត្តគម្រោង (៣). បង្កើតយន្តការតម្រង់ទិស (Project Advisory Committee) របស់គម្រោងនេះ។
គម្រោងខាងលើនេះ បានជាប់ជ័យលាភី និងត្រូវបានជ្រើសរើសដោយសាធារណរដ្ឋកូរ៉េ ជាគម្រោងក្រោមមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (Mekong-Korea Cooperation Fund) ដោយចូលរួមអនុវត្តគម្រោងដោយប្រទេសចំនួនបី គឺប្រទេសកម្ពុជា ឡាវ និងវៀតណាម៕








