យុទ្ធនាការ​ផោលិតោជាតិ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​

ដោយៈ ម៉ាលៃ

    កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបើកព្រឹត្តិការណ៍  “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន ផលិតករ ក្រុមហ៊ុន ផ្សារទំនើប ម៉ាត មីនីម៉ាត ជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធនាការផលិតផលជាតិ #MadeInCambodia នឹងត្រូវរៀបចំឡើងរយៈពេល ១ឆ្នាំពេញ ក្នុងគោលបំណងដើម្បីបង្ហាញពីភាពសម្បូរបែប និងសក្តានុពលនៃផលិតផលខ្មែរ ជូនដល់សាធារណជន ជាពិសេសបង្កើនការយល់ដឹងអំពី តម្លៃ គុណភាព និងអនុលោមភាពបទដ្ឋានបច្ចេកទេស ព្រមទាំងបង្កើតឱកាសមាសសម្រាប់ MSMEs ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាពីស្តង់ដារ តម្រូវការទីផ្សារ និងនីតិវិធីនានា ដើម្បីបង្កើនលទ្ធភាពដាក់លក់ផលិតផល ក្នុងស្រុកទៅក្នុងបណ្តាផ្សារទំនើប (Supermarkets/Malls) ម៉ាត និងមីនីម៉ាត។

ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះ “ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (Public-Private Partnership)”។

លោកជំទាវបានបញ្ជាក់ថា “យើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺជាអ្នកប្រើប្រាស់ដែលមានតួនាទីមិនអាចខ្វះបានក្នុងការគាំទ្រ និងជំរុញការប្រើប្រាស់ផលិតផលជាតិ”។ លោកបន្ថែមថា “យុទ្ធ​​នាការ #MadeInCambodia ពិតជាមានអត្ថន័យជ្រាលជ្រៅស្តែងចេញពីសមានចិត្ត ក្នុងការបង្ហាញនូវការស្រឡាញ់ ផលិតផលជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្នេហាជាតិមាតុភូមិដ៏ពិតប្រាកដ”។

មកទល់ពេលនេះ មានបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតជាច្រើនទីតាំងនៅទូទាំងរាជធានី-ខេត្ត បានចូលរួមយ៉ាងសកម្ម ដោយរៀបចំតុបតែងធ្នើរដាក់តាំងលក់ ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោបំផុតសម្រាប់អតិថិជន។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធុរជន និងវិស័យឯកជនទាំងអស់ ចូលរួមគាំទ្រយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចិរភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here