ដោយៈ ម៉ាណា
កំពង់ធំៈ រដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍន៍ ខេត្តកំពង់ធំ ជាសកម្មភាពគួរជាទីមោទន ដើម្បីរួមចំណែកប្រែក្លាយខេត្តកំពង់ធំ ឱ្យក្លាយជាប៉ូលទេសចរណ៍តភ្ជាប់ដ៏សំខាន់ ទៅកាន់តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញបឹងទន្លេសាប។
អបអរសាទរអ្នកជំនាញទេសចរណ៍ និងប្រជាសហគមន៍ទេសចរណ៍ចំនួន២០៥នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលហូកា លើជំនាញបដិសណ្ឋារកិច្ចសំខាន់ៗ និងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានបរធនបាលមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា លោកនួន ផារ័ត្ន អភិបាលខេ្តកំពង់ធំ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) និងមានការចូលរូមពីភាគីពាក់ព័ន្ធសរុបប្រមាណ ២៥០រូប។
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមក្នុងឧស្សាហកម្មទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការ លើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីលើកកម្ពស់គុណភាពមូលធនមនុស្ស និងសេវាកម្មទេសចរណ៍ ស្របតាមទស្សនទាន “បុគ្គលិកម្នាក់ ជំនាញមួយ” និង “សេវាមួយ ស្តង់ដាមួយ” ដែលក្រសួងទេសចរណ៍បានដាក់ចេញ៕













