ដោយៈ ចំណាន
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)មុននឹងរៀបចំបន្តនីតិវីធីជំហានបន្ទាប់។
កិច្ចប្រជុំនារសៀលនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ១០០នាក់។
ក្នុងបរិការណ៍ដែលការអនុវត្តគោលនយោបាយIDP ឈានមកដល់ទីបញ្ចប់នៃអាណត្តិ១០ឆ្នាំ (២០១៥-២០២៥) ការរៀបចំរបាយការណ៍វាយតម្លៃ ចុងអាណត្តិពិតជាមានសារៈសំខាន់ ដោយផ្តោតសំខាន់ ទៅលើគោលបំណងចម្បងៗមួយចំនួនដូចជា ៖(១) ការផ្ទៀងផ្ទាត់សមិទ្ធផល ធៀបនឹងសូចនាករគោលដៅ (២) ការវិភាគលើភាពធន់ និងការឆ្លើយតបនឹងវិបត្តិ(៣) ការវាយតម្លៃលើយន្តការសម្របសម្រួលគោលនយោបាយ និង(៤) ការកំណត់ធាតុចូលសម្រាប់ដំណាក់កាលបន្ទាប់ តាមរយៈការដកស្រង់នូវមេរៀន បទពិសោធន៍ និងបញ្ហាប្រឈមគន្លឹះៗ ដើម្បីផ្តល់ជាអនុសាសន៍សម្រាប់ការរៀបចំក្របខណ្ឌគោលនយោបាយIDP ដំណាក់កាលបន្ទាប់ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងទស្សនវិស័យអនាគតសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។
មានប្រសាសន៍បើកអង្គប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់ របស់គ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូល ចងក្រង និងវិភាគទិន្នន័យយ៉ាងម៉ត់ចត់ ដើម្បីរៀបចំជាសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយIDP នេះឡើង។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់ ជាយុទ្ធសាស្ត្រមិនអាចខ្វះបាន នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
លោកសង្កត់ធ្ងន់ថា “ការធ្វើពិពិធកម្មសេដ្ឋកិច្ច មិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែក លើវិស័យប្រពៃណីមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះបម្រែបម្រួល និងវិបត្តិនានានៅលើសកលលោក ព្រមទាំងធានាបាននូវការអភិវឌ្ឍ ប្រកបដោយចិរភាព បរិយាបន្ន”។
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ គឺជា “យុទ្ធសាស្ត្រកំណើនថ្មី” ឬមគ្គុទ្ទេសក៍ជាតិដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងគោលបំណងកែទម្រង់រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងនវានុវត្តន៍ តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល ការចាប់យកបច្ចេកវិទ្យាខ្ពស់ និងការបង្កើនភាពប្រកួតប្រជែង៕









