ដោយ៖គង់ លាងហួរ
ញូវយ៉ក៖ ផ្សារហ៊ុននៅអាស៊ីបានហក់ឡើងយ៉ាងខ្លាំងនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការរឹពឹងទុកថា សហរដ្ឋអាមេរិកនឹងដាក់ចេញនូវកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចដ៏ធំសម្បើម ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិន ហើយស្របពេលតម្លៃប្រេងក៏បានកើនឡើងខ្ពស់ផងដែរ។
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកចូ បៃដិននឹងបង្ហាញសំណើកញ្ចប់ថវិការចំនួន១.៩ទ្រីលានដុល្លារអាមេរិក ក្នុងគោលបំណង ដើម្បីបង្កើនល្បឿន និងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកងើបឡើងវិញបានឆាប់រហ័ស ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។
ជាមួយគ្នានេះ ភាគហ៊ុនអាមេរិក បានបង្ហាញសញ្ញាវិជ្ជមាន ប៉ុន្តែអ្នកជំនាញមួយចំនួននៅតែបង្ហាញក្ដីបារម្ភ ពីតម្លាភាព នៃការប្រើប្រាស់កញ្ចប់ថវិការនេះ ដែលអាចនាំឱ្យមានការធ្លាក់ចុះតិចតួចនូវការជួញដូរនៅសង្កាត់ Wall Street។
លោក Tim Ghriskey ប្រធានផ្នែកយុទ្ធសាស្ត្រវិនិយោគក្រុមហ៊ុន Inverness Counsel ក្នុងក្រុងញូវយ៉ក បាននិយាយថា “ក្ដីព្រួយបារម្ភគឺថាតើវានឹងមានន័យយ៉ាងដូចម្ដេចពីគោលជំហរពន្ធ?”។
លោកបានបន្តថា “ការចំណាយគឺងាយស្រួលក្នុងការធ្វើ ប៉ុន្ដែសំណួរគឺថា តើអ្នកនឹងចំណាយសម្រាប់វាទេ? ជាធម្មតា ផ្សារហ៊ុនមិនអើពើអំពីនយោបាយទេ តែនយោបាយមិនដែលភ្លេចរឿងយកពន្ធឡើយ”។
វិនិយោគិននៅអាស៊ីបង្ហាញសុទិដ្ឋិនិយមស្ថានភាពផ្សារហ៊ុននៅអាស៊ី ខណៈតម្លៃហ៊ុនក្រុមហ៊ុន S&P ASX២០០របស់អូស្រ្តាលី ឡើងដល់០.២% តម្លៃហ៊ុន Nikkei ២២៥របស់ជប៉ុន ឡើងខ្ពស់ជាង០.៣% និង តម្លៃហ៊ុន KOSPIរបស់កូរ៉េខាងត្បូងកើនឡើងដល់០.២%៕ CNA







