ដោយៈ ចំណាន
សៀមរាបៈ អាជ្ញាធរជំនាញខេរត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ជំរុញការចុះបញ្ចីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របតាមផែនការ។
កិច្ចប្រជុំនេះ ដើម្បីជម្រុញនិតិវិធីពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របតាមផែនការ និងរៀបចំបែបបទ ឯកសារអនុវត្តនីតិវិធីស្នើសុំអនុប្បយោគ និងប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ដីគម្របព្រៃឈើឆ្នាំ២០០២ ទៅរាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហែន ពុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុកទាំង១៣ លោក ប្រធានមន្ទីរ ជំនាញពាក់ព័ន្ធ លោក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោក ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្ត លោក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុកទាំង១៣ និងមន្រ្តីជំនាញពាក់ព័ន្ធ។
ប្រធានអង្គប្រជុំបានធ្វើការណែនាំ បន្ថែមលើចំណុចមួយចំនួនដូចជា ទី ១-ពន្លឿន និងជំរុញការងារចុះបញ្ជីដីធ្លី ឱ្យបានរួចរាល់ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្តជូនប្រជាពលរដ្ឋ ឱ្យបានមុនដំណាច់ឆ្នាំ២០២៦ ខាងមុននេះ។ ទី២-ពន្លឿន និងជំរុញការងារដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ ស្របតាមផែនការ។ ទី៣-ពន្លឿន និងជំរុញការងាររៀបចំផែនការ ប្រើប្រាស់ដីឃុំ សង្កាត់ ឱ្យបានរួចរាល់ស្របតាមការផែនការ៕










