ដោយៈ និស្ស័យ
សៀមរាបៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តសៀមរាប និងមន្រ្តីជំនាញពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់សំណង់ និងការ្យផ្សេងៗក្នុងតំបន់ទីប្រជុំជន តំបន់បុរាណដ្ឋាន។
កិច្ចប្រជុំនេះដឹកនាំដោយលោក ហែន ពុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់សំណង់ និងការ្យផ្សេងៗក្នុងតំបន់ទីប្រជុំជន តំបន់បុរាណដ្ឋាន ដើម្បីអនុវត្តស្របតាមលិខិតលេខ៤២០ ចុះថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការងារជំរុញការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងការងាររៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់ ក្នុងខេត្តសៀមរាប។
កិច្ចប្រជុំនេះ បានពិនិត្យផ្ទៀងផ្ទាត់ និងពិភាក្សា ព្រមទាំងបានធ្វើការបូកសរុប និងផ្តល់អនុសាសន៍បន្ថែមដូចខាងក្រោម ទី១ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវគ្រោងថវិកាសម្រាប់គាំទ្រ ដល់ដំណើរការរៀបចំផែនការ ប្រើប្រាស់ដីឃុំ សង្កាត់ ដោយត្រូវបញ្ជូលទៅក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំ (ផអ៥) និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (ផអ៣) ស្របតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។
ទី២ ក្រុមការងារបច្ចេកទេស ត្រូវដើរតួយ៉ាងសំខាន់ក្នុងការជំរុញពន្លឿនការងារ រៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់។ ទី៣ សំណង់ ការ្យនានា ទាំងក្នុងទីប្រជុំជន និងតំបន់បុរាណដ្ឋាន ក្រុមការងារទាំង២ ដែលមាននៅក្នុង សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច លើការទប់ស្កាត់ និងជំរុញឱ្យ ម្ចាស់សំណង់ ធ្វើការស្នើសុំច្បាប់អនុញ្ញាតសាងសង់ ឱ្យស្របតាមនីតិវិធី។
ទី៣ ពន្លឿនការរៀបចំផែនការប្រើប្រាស់ដីឃុំ តំបន់បឹងទន្លេសាប និងទីប្រជុំជន និងការកំណត់តំបន់ប្រើប្រាស់ដី តំបន់ឃ្លាំងទឹក តំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ ដោយត្រូវផ្តោតសំខាន់លើកិច្ចការងារអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសេដ្ឋកិច្ចសង្គម។
ទី៤ ជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ឱ្យស្របតាមផែនការសកម្មភាពការងាររបស់រដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ទី៥ ការងារចុះបញ្ជីដីបំពេញបន្ថែម អាជ្ញាធរមូលដ្ឋានត្រូវបូកសរុបចំនួនក្បាលដីគ្មានទិន្នន័យ ហើយត្រូវស្រាវជ្រាវ និងផ្សព្វផ្សាយដល់ម្ចាស់ក្បាលដី ឱ្យយកឯកសារមកធ្វើការចុះបញ្ជីដីតាមបណ្តាក្រុង ស្រុក ដើម្បីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំនីតិវិធីចេញបណ្ណជូន៕











