ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនហៅតាក់ស៊ីជិះតាម App ទូរស័ព្ទ និងផ្ដល់សេវាដឹកជញ្ជូនអាហារដ៏ល្បីល្បាញ ដែលយើងស្គាល់ថា Grab ប្រមូលដើមទុនបានរហូតដល់ទៅ ៣០០ លានដុល្លារពីក្រុមវិនិយោគិន ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន។
ការប្រមូលទុននេះ ដឹកនាំដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Asset Management Co Ltd សម្រាប់ពង្រីកសេវាកម្មហិរញ្ញវត្ថុ ដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៤ មករា។
ក្រុមហ៊ុនពហុជាតិសាសន៍របស់សិង្ហបុរីមួយនេះ ដែលបច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ វៀតណាម ជប៉ុន និងកម្ពុជាផងបាននិយាយថា នេះជាការផ្ដល់ដើមទុនពីខាងក្រៅជាលើកដំបូង សម្រាប់អាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ ដែលបានបញ្ចេញផែនការពង្រីកអាជីវកម្មផ្នែកធានារ៉ាប់រង ផ្នែកផ្ដល់ប្រាក់កម្ចី ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្នែកទូទាត់ការចំណាយ។
ក្រុមហ៊ុន Grab ប្រកួតប្រជែងជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Gojek និងក្រុមហ៊ុនបង្កើតថ្មីក្នុងស្រុកជាច្រើនទៀត ដែលកំពុងទាក់ទាញបានអតិថិជនរាប់លាននាក់ នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនរហូតដល់ទៅប្រមាណ៦៥០លាននាក់។
លោក Reuben Lai នាយកគ្រប់គ្រងជាន់ខ្ពស់នៅអង្គភាព Grab Financial Group ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Grab បានចេញសេចក្ដីថ្លែងការណ៍ថា “យើងកំពុងស្ថិតនៅលើចំណុចរបត់មួយនៅអាស៊ីអាគ្នេយ៍ ខណៈការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជួយជំរុញតម្រូវការសេវាកម្មហិរញ្ញវត្ថុឌីជីថល ដែលជួយឱ្យយើងរីកចម្រើន និងការពារប្រាក់ចំណូលរបស់យើង” ។
ក្រុមហ៊ុនអាមេរិក GGV Capital និងក្រុមហ៊ុនសិង្ហបុរី K3 Ventures ដែលធ្លាប់ជួយជ្រោមជ្រែងក្រុមហ៊ុន Grab ក៏បានចូលរួមនៅក្នុងការផ្ដល់ដើមទុន សម្រាប់ការពង្រីកអាជីវកម្មនេះដែរ។ វិនិយោគិនថ្មីៗក៏បានរាប់បញ្ចូលក្រុមហ៊ុន Flourish Ventures ដែលគាំទ្រដោយលោក Pierre Omidyar ដែលជាស្ថាបនិករបស់ EBay ផងដែរ។
លោក Tilman Ehrbeck នាយកគ្រប់គ្រងក្រុមហ៊ុន Flourish Ventures បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា “ដោយសារការងារ និងសកម្មភាពនានាក្នុងជីវិតរបស់យើង បានងាកទៅប្រើប្រព័ន្ធអនឡាញកាន់តែច្រើនឡើងៗ ថ្នាលបច្ចេកវិទ្យា (tech platform) បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកែប្រែមុខមាត់សេដ្ឋកិច្ច។
លោកបានលើកឡើងបន្ថែមទៀតថា “ពួកគេពិតជាមានឱកាស នាំយកសេវាកម្មហិរញ្ញវត្ថុ សម្រាប់បម្រើដល់អ្នកប្រើប្រាស់ ដែលជាញឹកញាប់ប្រព័ន្ធធនាគារ បែបប្រពៃណីចូលទៅមិនដល់ នៅអាស៊ីអាគ្នេយ៍ ដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើន” ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីខែកញ្ញាថា ក្រុមហ៊ុន Grab កំពុងចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រង Prudential PLC ក្រុមហ៊ុនធានារ៉ាប់រង AIA Group Ltd និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីប្រមូលដើមទុនឱ្យបានចន្លោះពី៣០០លានដុល្លារ ទៅ ៥០០លានដុល្លារ សម្រាប់ការពង្រីកអាជីវកម្មរបស់ Grab Financial Group៕