វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​បន្ត​រង​សម្ពាធ​ ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថេរភាព​

ដោយៈ ចំណាន

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជាបន្ទាប់ពីត្រីមាសទី១ ឆ្នាំ២០២៦នេះ មានស្ថេរភាព ប៉ុន្តែស្ថិតនៅក្រោមសម្ពាធ”។

សេដ្ឋកិច្ចនៅតែរីកចម្រើន ប៉ុន្តែធនាគារ អចលនទ្រព្យ និងអ្នកប្រើប្រាស់កំពុងប្រឈមមុខ នឹងភាពតានតឹងច្រើនជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណុចទាំងនេះ ជាស្ថានភាពសំខាន់ៗដែលអ្នកវិភាគ និងស្ថាប័ននានាបានពិភាក្សា។

១. កំណើនសេដ្ឋកិច្ចនៅតែវិជ្ជមាន ប៉ុន្តែយឺតជាង

ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រហែល៤.៥ភាគរយ ក្នុងឆ្នាំ២០២៦ ដែលគាំទ្រជាចម្បងដោយការនាំចេញផលិតផលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច សំបកកង់ និងគ្រឿងសង្ហារឹម។

ប៉ុន្តែការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 បានព្រមា​នថា ​កំណើនអាចនឹងថយចុះមកត្រឹមប្រហែល៤,៣ភាគរយ ដោយ​សារតែបញ្ហាមួយចំនួនដូចជា តម្លៃប្រេងឡើងខ្ពស់ ការងើបឡើងវិញនៃវិស័យទេសចរណ៍ខ្សោយ។ភាពមិនប្រាកដប្រជាសកល ភាពតានតឹងព្រំដែន/ពាណិជ្ជកម្មនៅក្នុងតំបន់។

យ៉ាងណាកម្ពុជាមិនស្ថិតក្នុងវិបត្តិទេ ប៉ុន្តែកំណើនខ្សោយជាងការរីកចម្រើនជាច្រើនឆ្នាំមុនជំងឺកូវីដ។

២. វិស័យធនាគារកំពុងប្រឈមមុខ នឹងការកើនឡើងនៃប្រាក់កម្ចីមិនល្អ

សូចនាករនេះគឺជាក្តីបារម្ភដ៏ធំបំផុតមួយ ដោយយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ប្រាក់កម្ចីសរុបបានកើនឡើងតិចតួច ដែលមានទំហំប្រហែល៦៣ពាន់លានដុល្លារ ប្រាក់បញ្ញើបានកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែប្រាក់កម្ចីមិនដំណើរការ (NPLs)​បានកើនឡើងដល់ប្រហែល៨,៩% ក្នុងឆ្នាំ ២០២៥ ហើយបន្តដាក់សម្ពាធលើធនាគារនានា រហូតដល់ត្រីមាសទី១ ឆ្នាំ ២០២៦។

អ្នកនៅក្នុងវិស័យនេះ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេ​ញឈ្មោះបានឲ្យដឹងថា ប្រាក់កម្ចីសងត្រលប់យឺតមានអត្រាចន្លោះពី២០ទៅ៣០ភាគរយ អាស្រ័យលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុនិមួយៗ។

អ្នកវិភាគមកពី S&P Global Ratings បាននិយាយថា ធនាគារកម្ពុជា ត្រូវបានប៉ះពាល់យ៉ាងខ្លាំងចំពោះអចលនទ្រព្យ និងសំណង់ ដែលការផ្គត់ផ្គង់នៅតែធំជាង តម្រូវការនៅក្នុងគម្រោងជាច្រើន។

ហានិភ័យនេះមានន័យថា អ្នកខ្ចីប្រាក់មួយចំនួនពិបាកសងប្រាក់កម្ចី។ ធនាគារកាន់តែប្រុងប្រយ័ត្នចំពោះការផ្តល់ប្រាក់កម្ចី អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រឈមមុខនឹងការលក់យឺត តម្លៃដីធ្លីនៅតំបន់ខាងក្រៅមួយចំនួននៅតែទន់។

៣. ទីផ្សារអចលនទ្រព្យនៅមានភាពចម្រុះ

ទីផ្សារមិនធ្លាក់ចុះទូទាំងប្រទេសទេ ប៉ុន្តែការងើបឡើងវិញយឺត ដោយស្ថានភាពបច្ចុប្បន្ននេះ គឺ តំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញនៅតែមានសកម្មភាព។ លំនៅឋានដែលមានតម្លៃសមរម្យ និងដីឧស្សាហកម្មមានដំណើរការល្អជាង។ ខុនដូ និងគម្រោងប្រណីតនៅតែប្រឈមមុខនឹងការផ្គត់ផ្គង់លើស។

ជាមួយគ្នានេះ អ្នកអង្កេតទីផ្សារបានរកឃើញថា គម្រោងវិនិយោគជាច្រើននៅតែស្ងប់ស្ងាត់។

អ្នកវិភាគនិយាយថា កំណើននាពេលអនាគតអាស្រ័យលើ ការវិនិយោគពីបរទេស ហេដ្ឋារចនាសម្ព័ន្ធ កំណើនប្រជាជន ការពង្រីកឧស្សាហកម្មជុំវិញភស្តុភារ និងអាកាសយានដ្ឋានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here