រដ្ឋាភិបាលប្រមូលចំណូលពន្ធលើវិស័យដឹកជញ្ជូនសម្រេចបានជាង១១៧លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធលើវិស័យដឹកជញ្ជូន នៅក្នុងឆ្នាំ២០២០ បានចំនួនជាង ៤៧៨ពាន់លានរៀល (ជាង១១៧លានដុល្លារ) កើនឡើងជាង៥៣ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ការអនុវត្តប្រមូលចំណូលប្រភេទនេះបានជាង៣១១ពាន់លានរៀល។

យោងតាមតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ ការប្រមូលចំណូលពន្ធតាមសកម្ម ភាពអាជីវកម្ម ក្នុងនោះ មានប្រភេទនៃផ្នែកអាជីវកម្មជាច្រើន ប្រមូលបានកំណើនល្អប្រសើរ ដូចជា សេវាហិរញ្ញវត្ថុ ស្ថាបត្យកម្ម និងសំណង់ រួមមាន (ការសាងសង់ វិស្វកម្មស៊ីវិល និងការសាងសង់ឯកទេស) ទូរគមនាគមន៍ និងកម្មាន្តសាលផ្នែកផលិតភេសជ្ជៈជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឱ្យដឹងទៀតថា “ការប្រមូលចំណូលប្រភេទពន្ធលើការដឹកជញ្ជូន រួមមាន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងការស្តុកទំនិញក្នុងឃ្លាំង ក្នុងឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានពន្ធប្រមូលបានបានជាង៤៧៨ពាន់លានរៀល មានអត្រាកំណើនជាង៥៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩”។

លោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍កាលពីថ្មីៗថា ដើមឆ្នាំ២០២១នេះ យើងមើលឃើញថា ការដឹកជញ្ជូនតាមផ្លូវគោកនៅតែបន្ត ខណៈការដឹកជញ្ជូនតាមយន្តហោះនៅតែមានសកម្មភាពតិចតួចប៉ុណ្ណោះ ព្រោះថាប្រទេសមួយចំនួននៅតែមានបញ្ហាកូវីដ១៩ដដែល ហើយជើងហោះហើរទៅកាន់គោលដៅមួយចំនួនទៀតនៅតែបន្តផ្អាកដោយសារតែគ្មានភ្ញៀវ។

លោកបន្តថា សម្រាប់ការដឹកជញ្ជូនឆ្លងប្រទេស គឺនៅតែប្រើតាមផ្លូវទឹក ព្រោះវាមានតម្លៃទាបជាងការដឹកតាមផ្លូវអាកាស ហើយសម្រាប់ឆ្នាំ ២០២១នេះវិញ លោកជឿជាក់កំណើនតាមផ្លូវនេះ នឹងកើនឡើងវិញ ខណៈបណ្ដាប្រទេសដែលជាទីផ្សារធំសម្រាប់កម្ពុជាក៏មានសកម្មភាពសេដ្ឋកិច្ចល្អឡើងវិញ ដោយនឹងជំរុញការដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសនោះ គឺប្រទេសចិន ហើយនឹងដឹកវត្ថុធាតុដើមពីចិនមកកម្ពុជាវិញ ដើម្បីផ្គត់ផ្គង់ដល់ខ្សែច្រវ៉ាក់ផលិតកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here