សហរដ្ឋអាមេរិកកំពុងជួបវិបត្តិឱនភាពថវិកាខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

ដោយ: សុខុម

វ៉ាស៊ីនតោន: ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ថា រដ្ឋាភិបាលអាមេរិក មានឱនភាពថវិកា (ចំណាយលើសចំណូល) សម្រាប់ខែធ្នូ ចុងឆ្នាំ២០២០ ខ្ពស់មិនធ្លាប់មានរហូតដល់១៤៤ពាន់លានដុល្លារ ដោយសារការចំណាយខ្ពស់ទៅលើជំនួយសង្គ្រោះ និងប្រាក់អត្ថប្រយោជន៍សម្រាប់ឧបត្ថម្ភដល់អ្នក ដែលបាត់បង់ការងារដោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ខណៈប្រាក់ចំណូលកើនឡើងតែបន្តិចបន្តួច។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះឱ្យដឹងថា ក្រសួងរតនាគារនិយាយថា ឱនភាពថវិកាសម្រាប់ខែធ្នូ ឆ្នាំ២០២០ ខ្ពស់ខ្លាំងណាស់ បើធៀបទៅនឹងឱនភាពថវិកាសម្រាប់ខែធ្នូ ឆ្នាំ២០១៩ មុនពេលចាប់ផ្ដើមផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្នុងសហរដ្ឋអាមេរិក។

ចំណូលសម្រាប់ខែនេះបានកើនឡើងតែ៣% ប៉ុណ្ណោះពីឆ្នាំ២០១៩ ដល់៣៤៦ពាន់លានដុល្លារ ខណៈការចំណាយកើនឡើង៤០% រហូតដល់៤៩០ពាន់លានដុល្លារ។ ចំណូលពន្ធកាត់ទុកលើប្រាក់ចំណូលរូបវន្តបុគ្គល (Individual Withheld Income Tax) សម្រាប់ខែធ្នូ គឺទាបខ្លាំងណាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឱនភាពថវិកាដែលកើនឡើងមិនឈប់របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ខែដំបូង នៃឆ្នាំសារពើពន្ធ២០២១ ដែលបានចាប់ផ្ដើមនៅថ្ងៃទី០១ ខែតុលា ចុងឆ្នាំ២០២០ នេះ បានឡើងដល់៥៧៣ពាន់លានដុល្លារ ធៀបនឹង៣៥៧ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ មុនពេលផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ចំណូលសម្រាប់រយៈពេល៣ខែដំបូង នៃឆ្នាំសារពើពន្ធនេះ គឺទាបខ្លាំងណាស់ ដោយទទួលបានត្រឹមតែ៨០៣ពាន់លានដុល្លារប៉ុណ្ណោះ ខណៈការចំណាយកើនឡើង១៨% រហូតដល់១,៣៧៦ទ្រីលាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here