ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើមការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាល និងអភិបាលកិច្ច។
ពិធីនេះមានការអញ្ជើញចូលរួម ពីលោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកជំទាវចម និម្មល និងមន្រ្តីពាក់ព័ន្ធជាច្រើន។
ការចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការ ដែលកំពុងបំពេញការងារ នៅតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីធានាបាននូវសង្គតិភាពការងារ ប្រកបដោយនិរន្តរភាព និងមិនឱ្យមានការរអាក់រអួលដល់ ខ្សែច្រវាក់ប្រតិបត្តិការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន។
យុទ្ធនាការជំរឿននេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ ២០ ឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងពាណិជ្ជកម្ម គឺជាស្ថាប័នទី៦ ដែលបានអនុវត្តកិច្ចការនេះ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយការធ្វើបច្ចុប្បន្នភាពនេះ គឺជាជំហានយុទ្ធសាស្ត្រ ក្នុងការប្រមូលទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ គណនេយ្យភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ឱ្យកាន់តែមានភាពរស់រវើក ប្រកបដោយផលិតភាពខ្ពស់ ស្របតាមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរជន សំដៅគាំទ្រដល់បរិយាកាសធុរកិច្ច និងការរីកចម្រើនសេដ្ឋកិច្ចជាតិ៕









