ដោយ៖ លក្ខិណា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកបានលើកឡើងថា វិស័យដំឡូងមី ដែលជាដំណាំកសិ-ឧស្សាហកម្មនិងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជា បានទទួលការវិនិយោគជាទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
យោងតាមប្រសាសន៍លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការគោលនយោបាយជាតិស្ដីពីដំឡូងមី ឆ្នាំ ២០២០-២០២៥ កាលពីព្រឹកថ្ងៃទី ១៤ មករា ឆ្នាំ ២០២១នេះថា ដំឡូងមីគឺជាដំណាំកសិ-ឧស្សាហកម្មនិងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជា ដែលបានរួមចំណែកពី៣ភាគរយ ទៅ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោកបានថ្លែងថា “ក្នុងមួយឆ្នាំៗ វិស័យដំឡូងមី បានទទួលការវិនិយោគជាទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិក”។ លោកបានបន្តថា “បច្ចុប្បន្ន ដំឡូងមីភាគច្រើនដាំដុះជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដែលទាមទារឱ្យមានការវិនិយោគបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្រូវការក្នុងមួយឆ្នាំៗក៏មានកំណើនខ្ពស់”។
លោកបានថ្លែងថា “វិនិយោគិនដែលដាក់ទុនវិនិយោគលើវិស័យដំឡូងមីពេលនេះភាគច្រើន គឺជាវិនិយោគិនចិន ដោយផ្ដោតលើរោងចក្រកែច្នៃ ជាម្សៅដំឡូងមីសម្រាប់នាំចេញទៅកាន់ទីផ្សារខាងក្រៅ”។
លោកបន្ថែមថា ដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះ បន្ថែមទៀត កម្ពុជាត្រូវការរៀបចំចងក្រងជាគោលនយោបាយមួយច្បាស់លាស់ សម្រាប់បញ្ជាក់ទំនុកចិត្តដល់វិនិយោគិននានា ដែលនឹងចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងវិស័យមួយនេះ។
លោកបានបន្ថែមទៀតថា ផលិតផលដំឡូងមី អាចយកទៅកែច្នៃបានច្រើនបែប និងសណ្ឋាគារ ដូចជាសំបកថ្នាំពេទ្យ អេតាណុល និងធ្វើជាចំណីអាហារកែច្នៃជាច្រើនទៀត ។
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកបានមានប្រសាសន៍ជំរុញឱ្យពលរដ្ឋគួរងាកមកចាប់យកវិស័យកសិកម្ម ក្នុងពេលពិភពលោកមានតម្រូវការផ្នែកចំណីអាហារ នៅក្នុងវិបត្តិកូវីដ១៩។
របាយការណ៍របស់កសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញកម្ពុជានាំចេញផលិតផលដំឡូងមីជាង៣លានតោន ក្នុងមួយឆ្នាំ និងទទួលបានទឹកប្រាក់ប្រមាណជាងជិត៣០លានដុល្លារអាមេរិក៕







