ដោយ៖ សាវុធ
ភ្នំពេញ៖ ប្រទេសចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកបណ្តាញតំបន់ពាណិជ្ជកម្មសេរីរបស់ខ្លួនជាមួយដៃគូពាណិជ្ជកម្មនៅទូទាំងពិភពលោក ដើម្បីបង្កើនមិត្តភក្តិភាពរបស់ខ្លួន ដោយនឹងលុបបំបាត់ពន្ធគយលើទំនិញ និងពង្រីកការចូលទីផ្សារសម្រាប់ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ។ នេះបើយោងតាមការការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao។
លោក Wang បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជំរុញឆ្ពោះទៅរកការបើកចំហកម្រិតខ្ពស់។ ប្រទេសចិននឹងជួយសម្រួលដល់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជប៉ុន កូរ៉េខាងត្បូង ន័រវែស និងអ៊ីស្រាអែលផងដែឬ ខណៈខ្លួនក៏កំពុងពិចារណា ដើម្បីចូលរួមកិច្ចព្រមព្រៀងទូលំទូលាយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។
ប្រទេសចិន ក៏នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងមានប្រសិទ្ធិភាព និងអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន២៦ និងតំបន់ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានចំនួន៣៥ភាគរយ នៃតម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។
លោក Wang បានថ្លែងថា ការកសាងបណ្តាញតំបន់ពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់ ជាមួយនឹងការឈានដល់កម្រិងពិភពលោក គឺស្របទៅនឹងគោលដៅរបស់ប្រទេសចិន ក្នុងការបង្កើតជុំថ្មី នៃការបើកចំហរកម្រិតខ្ពស់ថ្មី ហើយត្រូវបានគូសបញ្ជាក់នៅក្នុងសំណើរបស់ថ្នាក់ដឹកនាំបក្សសម្រាប់ការបង្កើតផែនការ៥ឆ្នាំ លើកទី១៤ (២០២១-២០២៥) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងគោលដៅរយៈយូរអង្វែងរហូតដល់ឆ្នាំ២០៣៥។
លោកបាននិយាយថា ប្រទេសចិននឹងខិតខំបន្ថែមទៀត ដើម្បីបង្កើនសមាមាត្រនៃទំនិញពាណិជ្ជកម្ម ជាមួយពន្ធសូន្យភាគរយ បង្កើនភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារសេវាកម្ម ពាណិជ្ជកម្ម និងការវិនិយោគនិងចូលរួមយ៉ាងសកម្មនៅក្នុងការចរចាកំណត់ច្បាប់នៅក្នុងវិស័យ ដូចជាសេដ្ឋកិច្ចឌីជីថល និងការការពារបរិស្ថាន ហើយជំរុញការបង្កើតសេដ្ឋកិច្ចបើកចំហនៅកម្រិតខ្ពស់៕ China Daily







