ABC និងស.ស.រ រួមគ្នាលើកកំពស់អក្ខរកម្មសេដ្ឋកិច្ចក្នុងចំណោមយុវជននៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា(ABC) និង​សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ព្រះស្រីឦសានវរ្ម័ន​(ស.ស.រ) បាន​ចុះ​ហត្ថលេខា​​បន្ត​អនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បី​បន្ត​ភាពជាដៃគូប្រកប​ដោយ​ជោគ​​ជ័យ ​​ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច ក្នុងចំណោមយុវជនកម្ពុជា។

នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល​ស្ថាប័ន​ទាំង​២មាន​ចុះMoU ជា​មួយ​គ្នា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធី​ចុះ​ហត្ថលេខា​បានប្រព្រឹត្តិទៅ​នៅសារមន្ទីរ ស.ស.រ​កាលពីដើមសប្តាហ៍នេះ ក្រោម​អធិបតីភាព​ លោក យឹម​​ លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា(NBC)។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់ABC បាន​អះអាង​ថា ការ​បន្តចុះអនុស្សរណៈ នៃការយោគយល់​គ្នាស្តីអំពី​ “កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច​” គឺ​បញ្ជាក់សា​ជា​ថ្មី​ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិស័យធនាគារ​ ក្នុងការលើកកម្ពស់ការអប់រំសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមនេះ បង្កើនលទ្ធភាពឱ្យ​សិស្សានុសិស្ស មកពីគ្រឹះ​ស្ថានអប់រំរដ្ឋ​អាច​មក​ទស្សនា​សារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជាកាន់​​​តែ​ច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុសំខាន់ៗ ​ដើម្បីលើកកម្ពស់ការយល់​ដឹងបន្ថែម អំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរូបិយវត្ថុជាតិ។

ABC បានឲ្យដឹងថា គិត​មកទល់បច្ចុប្បន្ន តាម​រយៈគំនិតផ្តួចផ្តើមនេះ​ធនាគារឯកជននៅ​កម្ពុជា បាន​រួមចំណែក​ក្នុងមូលនិធិសម្រាប់​ចំណាយ​លើថ្លៃដឹកជញ្ជូន និងថ្លៃទស្សនា និង​បានផ្តល់ឱកាសដល់សិស្សានុ​សិស្សប្រមាណ១៥,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុង​រាជធានីភ្នំពេញ ​តំបន់ជាយរាជធានី ខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាច​មកទស្សនាសារ​មន្ទីរ ស.ស.រ។

ប្រធានសមាគម​ធនាគារ​នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ បាននិយាយ​​ថា ការបន្តចុះអនុស្សរណៈ​នៃការយោគយល់គ្នានេះ ធ្វើឡើងផ្អែកលើលទ្ធផល ប្រកបដោយផ្លែផ្កាដែលយើងសម្រេចបាន ក្នុងរយៈពេល​​ពីរឆ្នាំកន្លងមក និងស្របតាមគោលការណ៍ហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពរបស់សមាគមធនាគារ​នៅកម្ពុជា​(CSFPs) ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់អក្ខរកម្ម​សេដ្ឋកិច្ច។ ដំណើរស្វែងយល់នៅសារមន្ទីរ​ ស.ស.រ ផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹង ដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រ ពីប្រវត្តិសាស្ត្ររបស់យើង ក៏ដូចជាតម្លៃនៃរូបិយវ​ត្ថុផងដែរ។

សហប្រធាន​សារមន្ទីរ ស.ស.រ លោកBlaise Kilian បាន​លើក​ឡើង​ថា យើងពិត​ជា​រីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្ស មកពីគ្រឹះស្ថានអប់រំរដ្ឋ​រាប់ពាន់នាក់ បានមក​សិក្សារៀន​សូត្រ​អំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here