ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ពិភាក្សាការងារជាមួយក្រុមហ៊ុនArtelia ស្ដីពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះដឹកនាំដោយលោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Artelia ស្ដីពីកាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមពីលោក- លោកស្រីជាប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជំនួបនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្ដាប់ពីការធ្វើបទបង្ហាញណែនាំអំពីប្រវត្តិ និងសមត្ថភាពរបស់ក្រុមហ៊ុន ដោយបានផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក និងពិភាក្សាលើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ទំនើប ភាពធន់ និងចីរភាព ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិនាពេលអនាគត។
ថ្លែងក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានលើកឡើងនូវគម្រោងអន្តរជាតិចំនួន៣ ជូនដល់ក្រុមហ៊ុន Artelia រួមមាន៖ ១) គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារកម្ម ក្រុងព្រះសីហនុ ២) គម្រោងពង្រឹងការតភ្ជាប់ ការឆ្លងកាត់ព្រំដែនកម្ពុជា និង៣) គម្រោងសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធតំបន់នៃប្រទេសកម្ពុជា៕









