កម្ពុជា និងអាស៊ៃបៃហ្សង់ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយៈ ចំណាន

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា ការងារប្រកបដោយផ្លែផ្លាជាមួយ លោកអែលឈីន អាមៀរបាយ៉ូវ តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ៃបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងាររបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ដល់១៤ ខែឧសភា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានសំដែងនូវការអបអរសាទរដ៏កក់ក្ដៅរបស់កម្ពុជា ចំពោះការសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រស្តីពី “សន្តិភាព” ដែលចុះហត្ថលេខាដោយអាស៊ែបៃហ្សង់ និងអាមេនី ដោយមានលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាសាក្សី កាលពីឆ្នាំកន្លងមក និងបានគូសបញ្ជាក់អំពីវឌ្ឍនភាព ប្រក​បដោយភាពវិជ្ជមាន ក្នុងទំនាក់ទំនងកម្ពុជា -អាស៊ែបៃហ្សង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានពិភាក្សា អំពីវិធីសាស្រ្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអាទិភាព រួមមាន នយោ​បាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានឯកភាព ជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី និងលោកតំណាងប្រធានាធិបតី ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនគណៈប្រតិភូអាស៊ៃបៃហ្សង់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here