ដោយៈ ចំណាន
ភ្នំពេញៈ គម្រោង FMIS ត្រូវបានអនុវត្តនៅគ្រប់ក្រសួង-ស្ថាប័នគ្រឹះស្ថានសាធារណៈរដ្ឋបាល រតនាគាររាជធានី-ខេត្ត មន្ទីរជំនាញ និងអង្គភាពថវិកាពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន៣០០ការដ្ឋាន។
គំរោងនេះ មានអ្នកប្រើប្រាស់សរុបប្រមាណ៣,៩៩២រូប និងបានអនុវត្តន៍ កម្មវិធីបណ្តុះបណ្តាលបន្តបន្ទាប់ជាច្រើន ដើម្បីធានាដល់ការប្រើប្រាស់ ប្រព័ន្ធឱ្យទទួលបានប្រសិទ្ធភាព នៅគ្រប់ការដ្ឋាន។
FMIS ត្រូវបានកំណត់ថាជាស្នូលដ៏សំខាន់ ក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ ដោយធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងធនធានសាធារណៈ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និង ទិសដៅនៃគម្រោងអភិវឌ្ឍប្រព័ន្ធIFMIS របស់ប្រទេសឡាវ ដោយផ្តោតលើគោលបំណង និងតម្រូវការក្នុងការផ្លាស់ប្តូរ ពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុបែបប្រពៃណី ទៅកាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុសាធារណៈបែបទំនើប និងមានលក្ខណៈសមាហរណកម្ម និងមានទិន្នន័យ ដើម្បីពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន។
គណៈប្រតិភូឡាវបានគូសបញ្ជាក់ថា ការអនុវត្តIFMIS គឺជាផ្នែកសំខាន់ នៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការធ្វើបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលឡាវ ដោយមានគោលបំណងបង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលមានសមត្ថភាពពេញលេញ គាំទ្រដល់សមាហរណកម្ម រវាងការភ្ជាប់ទិន្នន័យរបស់ស្ថាប័ន ទៅនឹងការគាំទ្រការសម្រេចចិត្តដោយផ្អែកលើព័ត៌មានទិន្នន័យទាន់ពេល និងប្រកបដោយភាពប្រាកដប្រជា។
គណៈប្រតិភូឡាវបានលើកឡើង អំពីយន្តការកែលម្អប្រព័ន្ធ IFMIS ជាពិសេសលើដំណើរការរៀបចំថវិកា(Budget Preparation) ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើង នូវការរៀបចំផែនការ ការប៉ាន់ប្រមាណចំណូល-ចំណាយ និងការភ្ជាប់ថវិកា ជាមួយគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គណៈប្រតិភូឡាវ បានចែករំលែកអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្តគម្រោងIFMIS រួមមាន៖ បញ្ហាសមត្ថភាពធនធានមនុស្ស ការគ្រប់គ្រងការផ្លាស់ប្តូរ, ការសម្របសម្រួលរវាងស្ថាប័ន ការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា និងការធានានិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធ។
បញ្ហាទាំងនេះត្រូវបានពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយភាគីកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងបទពិសោធន៍អនុវត្តល្អៗ ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ ក៏ដូចជាដកស្រង់បទពិសោធន៍ រវាងប្រទេសទាំងពីរ និង ជាកត្តាជំរុញសំខាន់ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវរដ្ឋាភិបាលឌីជីថល ដែលមានប្រសិទ្ធភាព តម្លាភាព និងចីរភាពក្នុងតំបន់៕









