Google ដែល​ធ្លាប់តែ​រិះគន់ ដូ​ណា​ល់ ត្រាំ ប្រកាស​ជួយ​ជ្រោមជ្រែង ចូ បៃ​ឌិន ក្នុង​កិច្ចប្រឹងប្រែង​អនុម័ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី

ដោយ សុខុម

កាលីហ្វ័រ​ញ៉ា: ក្រុមហ៊ុន Google ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍​ខ្នាត​យក្ស Alphabet Inc របស់​សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួន​នឹង​ជួយ​ជ្រោមជ្រែង​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ចូ បៃ​ឌិន នៅក្នុង​កិច្ចប្រឹងប្រែង​របស់លោក​ដើម្បី​អនុម័ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​សហរដ្ឋអាមេរិក ហើយនឹង​ជួយ​ចេញថ្លៃ​ដាក់ពាក្យ​សម្រាប់​ជនអន្តោប្រវេសន៍ ដែល​ស្វែងរក​ការងារ​ស្របច្បាប់​ធ្វើ​ក្រោម​កម្មវិធី​មួយ​របស់​រដ្ឋាភិបាល។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី១៣ មករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Google បានប្រកាស​កាលពី​ថ្ងៃ​ពុធ ទី១៣ មករា ថា ខ្លួន​នឹង​ជួយ​ចេញថ្លៃ​ដាក់ពាក្យ​របស់​ជនអន្តោប្រវេសន៍​វ័យក្មេង​ប្រមាណ ៥០០ នាក់​ដែល​ស្វែងរក​ការងារ​ធ្វើ​ក្រោម​កម្មវិធី​គាំពារ​ជនអន្តោប្រវេសន៍ Deferred Action for Childhood Arrivals ហៅ​កាត់ DACA។

DACA ជា​គោលនយោបាយ​អន្តោប្រវេសន៍​មួយ​របស់​សហរដ្ឋអាមេរិក ដែល​អនុញ្ញាតឱ្យ​បុគ្គល​មួយចំនួន​ដែល​គ្មាន​សិទ្ធិ​រស់នៅ​ស្របច្បាប់​ក្នុង​សហរដ្ឋអាមេរិក ក្រោយពី​ត្រូវគេ​នាំមក​កាន់​ប្រទេស​នេះ​តាំងពី​កុមារ ឱ្យ​ទទួលបាន​សិទ្ធិ​រស់នៅ​បណ្ដោះអាសន្ន ២ ឆ្នាំ​ដែល​អាច​បន្តបាន​ដើម្បី​ជៀសផុត​ពី​ការ​និរទេស (បណ្ដេញចេញ) ហើយ​មាន​សិទ្ធិ​ទទួលបាន​សៀវភៅ​ការងារ។ ទោះជា​យ៉ាងណា ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ អ្នកទទួលផល​មិន​អាចមាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​កម្រិតធ្ងន់​ជាដាច់ខាត។

ការប្រកាស​នេះ​ធ្វើឡើង ក្រោយពី​ក្រុមហ៊ុន Google និង​ក្រុមហ៊ុនធំៗផ្សេងទៀត​របស់​សហរ​ដ្ឋ​អាមេរិក បាន​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យ៉ាង​ឆ្អែត​អស់​រយៈពេល ៤ ឆ្នាំ​មកនេះ​ដោយសារ​ការ​រឹតបន្តឹង​គោលនយោបាយ​អន្តោប្រវេសន៍ និង​ធ្វើឱ្យប៉ះពាល់​ដល់​សមត្ថភាព​របស់​ក្រុមហ៊ុន​ទាំងនោះ​ក្នុង​ការជួល​ជនអន្តោប្រវេសន៍​មក​ធ្វើ​ការឱ្យ​ខ្លួន។

លោក ចូ បៃ​ឌិន បាន​ថ្លែង​កាលពី​សប្ដាហ៍​មុន​ថា លោក​នឹង​ស្នើច្បាប់​អន្តោប្រវេសន៍​ថ្មី​ទៅ​រដ្ឋសភាភ្លាមៗ នៅពេល​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទៅ២០ មករា ដ៏​ខ្លី​ខាងមុខនេះ។ ហើយ​ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​នឹង​គ្រប់គ្រង​រដ្ឋសភា ដូចនេះ​វា​ជា​ឱកាស​ជួយ​ជំរុញ​គំនិត​របស់លោក​ឱ្យក្លាយ​ទៅជា​ច្បាប់។

លោក Kent Walker អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Google បាន​លើកឡើងថា “យើង​នឹង​ជួយ​ជ្រោមជ្រែង​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​សភា​ថ្មី និង​រដ្ឋការ​ថ្មី​ក្នុងការ​អនុម័ត​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍​មាន​លក្ខណៈ​គ្រប់​គ្រុង​ជ្រោយ ដែល​នឹង​ជួយ​កែលម្អ​កម្មវិធី​ទិដ្ឋាកា​ផ្អែកលើ​ការងារ​ដើម្បីឱ្យ​អាមេរិក មានការ​ប្រកួតប្រជែង​ល្អ​ជាង​មុន ផ្ដល់​ការធានារ៉ាប់រង​ប្រសើរ​ជាង​មុន​ដល់​កម្មករនិយោជិត និង​និយោជក​ជា​ជន​អន្តោ​ប្រវេ​ស៍ ហើយ​លើកកម្ពស់​ដំណើរ​ការទទួល​ជនអន្តោប្រវេសន៍ និង​ការអនុវត្ត​សន្តិសុខ​ព្រំដែន​ដែល​ល្អប្រសើរ និង​មាន​មនុស្សធម៌​ជាង​មុន។

លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុន Google នឹង​បរិច្ចាគ​ប្រាក់​ចំនួន ២៥០.០០០ ដុល្លារ​ដល់​អង្គការ United We Dream ដែល​ជួយ​ជនអន្តោប្រវេសន៍​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​ក្នុង​សហរដ្ឋអាមេរិក បន្ទាប់ពី​ទៅដល់​ទឹកដី​នេះ​តាំងពី​កុមារ​ឱ្យទទួល​បាន​សៀវភៅ​ការងារ និង​ជៀស​ផុតពី​ការបណ្ដេញ​ចេញពី​ទឹកដី​អាមេរិក។

លោក​បាន​គូសបញ្ជាក់ថា សេចក្ដីសម្រេច​មួយ​រប​ស់​តុលាការ​ដែល​គេ​រំពឹងថា​នឹង​ចេញ​ក្នុងពេលឆាប់ៗនេះ គំរាមកំហែង​ផ្អាក​ការបន្ត និង​ការដាក់​ពាក្យស្នើសុំ​សៀវភៅ​ការងារ ហើយ​អ្នក​ដែល​ទទួលបាន​វា គឺ​ពិតជា​សំណាង​ណាស់ ប្រៀប​ដូច​យល់សប្ដិ​ទាំង​ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here