អ្នកឧកញ៉ាគិត ម៉េង និង​អនុរដ្ឋមន្រ្តី​តួក​មេនីស្ថាន​ពិភាក្សា​លើការ​ពង្រីក​ពាណិជ្ជកម្ម​និង​វិនិយោគ​និង​ការ​ហោះ​ហើរ​ត្រង់​

ដោយៈ និស្ស័យ

    ភ្នំពេញៈ កាលពីសប្តាហ៍មុន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក Ahmet Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកម៉េនីស្ថាន ក្នុងឱកាសដែល ឯកឧត្តម បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោកអាមេត ហ្គើរបាណូវ បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា​គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួ​យឯកឧត្តម និងគណៈប្រតិភូតួកម៉េនីស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ រដ្ឋាភិបាលតួកម៉េនីស្ថាន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងរក កាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ សម្រាប់ប្រទេសទាំងពីរ។

លោកបានលើកឡើងពីឧត្តមភាព នៃធនធានធម្មជាតិដ៏សម្បូរបែបរបស់តួកម៉េនីស្ថាន ជាពិសេសក្នុងនាមជាប្រទេស ដែលមានឧស្ម័នធម្មជាតិបម្រុងធំជាងគេមួយក្នុងពិភពលោក។

លោកបានបញ្ជាក់ពីបំណង ចង់ឃើញកិច្ចសហប្រតិបត្តិការជាក់ស្តែងកើតឡើង តាមរយៈការផ្លាស់ប្តូរប្រតិភូធុរកិច្ច និងការសិក្សាលើការតភ្ជាប់ផ្លូវអាកាស ដើម្បីពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ សម្រាប់ប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកស្នើឲ្យមានការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ាគិត ម៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់លោក អនុរដ្ឋមន្ត្រី។

អ្នកឧកញ៉ា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមនៃ ការចុះអនុស្សរណៈយោគយល់ រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ ក៏ដូចជាការជំរុញជើងហោះហើរត្រង់ មកកម្ពុជា ដើម្បីជំរុញ វិស័យទេសចរណ៍ និងកាត់បន្ថយគម្លាតទីផ្សារប្រទេសទាំងពីរ។

បន្ថែមពីលើនេះ អ្នកឧកញ៉ា ស្នើជំរុញការបង្កើតស្ថានទូតតួកម៉េនីស្ថាន នៅកម្ពុជា ដើម្បីជំរុញវិនិយោគ និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែស្មារតីនៃភាពជាដៃគូសេដ្ឋកិច្ច នឹងធ្វើឱ្យប្រទេសទាំងពីរខិតជិតគ្នា។

អ្នកឧកញ៉ា បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និង បរិយាកាសធុរកិច្ចអំណោយផល សម្រាប់ធុរជន និង បានគូសបញ្ជាក់ពីវិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន៖១) ទេសចរណ៍ និងការតភ្ជាប់៖ ជំរុញជើងហោះហើរត្រង់ និងអន្តរកម្មរវាងសហគ្រាសធុនតូច និងមធ្យម។ ២) កសិកម្ម និងសេដ្ឋកិច្ចឌីជីថល៖ តួកម៉េនីស្ថានអាចទាញយកអត្ថប្រយោជន៍ ពីជំនាញរបស់កម្ពុជាលើការនាំចេញអង្ករ និងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។

៣) ថាមពលបៃតង៖ ការផ្លាស់ប្តូរបច្ចេកវិទ្យាលើវិស័យថាមពលកកើតឡើងវិញ និងការផលិតប្រកបដោយនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here