ដោយៈលក្ខិណា
ភ្នំពេញៈ វិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច ក៏ដូចជាវិស័យសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ បានរងគ្រោះពេញមួយឆ្នាំ ២០២០ ដោយសារតែវិបត្តិកូវីដ១៩ ហើយបានបង្ខំឱ្យអាជីវកម្ម ក្នុងវិស័យទេសចរណ៍មួយចំនួនបានបិទទ្វារជាបន្តបន្ទាប់។
ប៉ុន្តែក្នុងឆ្នាំ២០២១នេះ ដោយសារសញ្ញានៃវិបត្តិកូវីដ១៩ អាចនឹងបញ្ចប់ឬកាត់បន្ថយបាននូវការឆ្លងរាលដាលបន្តទៀតនោះ កម្ពុជាក៏រំពឹងថា នឹងអាចទាញយកវិស័យទេសចរណ៍ ឱ្យត្រលប់ទៅរកសភាពដើមមុនកូវីដ១៩វិញ ហើយកអាចជំរុញឱ្យវិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ច មានពន្លឺឡើងវិញផងដែរ។
លោកស្រីក្លេខៃ ចិន្តាប្រធានសមាគមសណ្ឋាគារកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២០ មកវិស័យទេសចរណ៍បានជួបគ្រោះធ្ងន់ ដោយសារតែកូវីដ១៩ ហើយបាត់បង់នូវចំនួនភ្ញៀវទេសចរបរទេសយ៉ាងគំហុក ដែលធ្វើឱ្យអាជីវកម្មបម្រើឱ្យវិស័យទេសចរណ៍បានបិទទ្វារបន្តបន្ទាប់។
លោកស្រីបន្តថា “យ៉ាងណានៅដើមឆ្នាំ២០២១នេះ យើងរំពឹងថាកូវីដ១៩អាចនឹងត្រូវទប់ស្កាត់ ដោយសារតែវ៉ាក់សាំងប្រឆាំងកូវីដ១៩ កំពុងត្រូវបានចាក់ជូនពលរដ្ឋនៅតាមបណ្ដាប្រទេសមួយចំនួនហើយផងដែរ”។
ជាមួយគ្នានេះលោកស្រីឆាវ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ដោយសារតែរដ្ឋាភិបាលបានទប់ស្កាត់បានល្អ នូវការរីករាលដាលនៃជំងឺនេះ ហើយភ្ញៀវទេសចរក្នុងស្រុក ក៏បានចេញធ្វើដំណើរឡើងវិញច្រើន វាជាសញ្ញាវិជ្ជមានមួយ សម្រាប់ទាក់ទាញទេសចរបរទេសចូលមកកម្ពុជា ហើយវាក៏ជាពេលវេលាដែលប្រតិបត្តិករទេសចរ គួរតែប្រមូលធនធានរបស់ខ្លួន ដើម្បីត្រៀមទទួលស្វាគមន៍ទេសចរឡើងវិញ។
លោកស្រីថា “បច្ចុប្បន្ននេះ រដ្ឋាភិបាលបានបើកឱ្យអាជីវកម្ម ដែលបិទកន្លងទៅ ដំណើរការឡើងវិញ ហើយសាលារៀនទូទាំងប្រទេសក៏បានត្រលប់មកដំណើរការវិញដូចគ្នាដែលជាសញ្ញាល្អ សម្រាប់វិស័យទេសចរណ៍និងសេដ្ឋកិច្ចទាំងមូល”។
លោកស្រីបន្តថា យ៉ាងណាក្ដីដោយសារតែឆ្នាំ២០២០ ប្រតិបត្តិករទេសចរជាច្រើនបានជួបប្រទះនឹងបញ្ហា និងមិនទាន់រឹងដៃរឹងជើងនៅឡើយ គឺត្រូវមានការជួយជ្រោមជ្រែងពីខាងរដ្ឋាភិបាលផងដែរ ដូចជាបំណុលដែលប្រតិបត្តិ ជំពាក់នៅឆ្នាំកន្លងៗទៅ គួរមានការបន្ធូបន្ថយ បើសិនជារដ្ឋតម្រូវឱ្យមានការបង់នៅពេលនេះ គឺពិបាកនឹងស្ដាររឺក៏រៀបចំវិស័យនេះក្នុងឆ្នាំ ២០២១នោះទេ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថាស្ទើរតែពេញមួយឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបតែជាង១,២លាននាក់ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាទទួលបាន៦លាន២សែននាក់។
ការបាត់បង់ភ្ញៀវទេសចរយ៉ាងគំហុកនេះ បានធ្វើឱ្យបាត់បង់ឱកាសការងារចំពោះអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ជាច្រើននាក់ផងដែរ ក្នុងនោះខេត្តសៀមរាបគឺជាខេត្តដែលរងគ្រោះធ្ងន់ពីវិបត្តិនេះ៕







