ធនាគារធំបំផុតរបស់អាល្លឺម៉ង់ប្រកាសឈប់រកស៊ីជាមួយលោកដូណាល់ ត្រាំ

ដោយៈសុខុម

ក្រុងឡុងដ៍: យោងតាមសារព័ត៌មានCNN ចុះផ្សាយកាលពីថ្ងៃទី១២ មករាបានឱ្យ

ដឹងថា ធនាគារ Deutsche Bank ដែលជាធនាគារធំបំផុតរបស់អាល្លឺម៉ង់ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ខ្លួននឹងឈប់រកស៊ីជាមួយជាមួយលោក ដូណាល់ ត្រាំ ទៀតឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាចំណាត់ការមួយ ដែលនឹងកាត់ផ្ដាច់ប្រភពឥណទានដ៏សំខាន់មួយ ដែលធ្លាប់ជួយគាំទ្រដល់ គម្រោងអភិវឌ្ឍន៍ទីលានវាយកូនហ្គោល និងសណ្ឋាគាររបស់លោក។

បុគ្គលអនាមិកម្នាក់ដែលស្និទ្ធនឹងធនាគារ Deutsche Bank បានទម្លាយប្រាប់សារព័ត៌មាន CNN ថា ធនាគារអាល្លឺម៉ង់មួយនេះ បានសម្រេចឈប់រកស៊ីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជិតចប់អាណត្តិរូបនេះ និងក្រុមហ៊ុនរបស់លោកទៀតហើយ។ ដំណឹងដែលត្រូវបានចុះផ្សាយដំបូងគេ ដោយកាសែត New York Times នេះ កើតមានឡើងក្រោយផ្ទុះកុបកម្មហិង្សា នៅវិមានរដ្ឋសភាកាពីតូល របស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។

ទោះជាយ៉ាងណា អ្នកនាំពាក្យធនាគារDeutsche Bank  បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ ហើយលើកឡើងថា ធនាគារមានគោលការណ៍ មិនអនុញ្ញាតឱ្យទម្លាយការណ៍សម្ងាត់របស់អតិថិជនឡើយ។

ចំណាត់ការនេះសរបង្ហាញពីប្រតិកម្ម របស់ក្រុមហ៊ុនសាជីវកម្មធំៗប្រឆាំងលោក ដូណាល់ ត្រាំ ក្រោយពីក្រុមអ្នកគាំទ្ររបស់លោក បានចូលធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងវិមានរដ្ឋសភាកាពីតូល ទាំងកណ្ដាលថ្ងៃចែស ដែលបានបណ្ដាលឱ្យមនុស្ស ៥ នាក់បាត់បង់ជីវិត។

ទន្ទឹមនេះ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ធនាគារ Signature Bank បានប្រកាសថា ខ្លួនបានចាប់ផ្ដើមបិទគណនី ធនាគារផ្ទាល់ខ្លួនរបស់លោក ត្រាំ ហើយថែមទាំងបានអំពាវនាវឱ្យប្រធានាធិបតីរូបនេះ ចុះចេញពីតំណែងទៀតផង។

យោងតាមរយបាយការណ៍ ទម្លាយការណ៍សម្ងាត់ហិរញ្ញវត្ថុឆ្នាំ២០១៩ ដែលគេបានដាក់ប្ដឹងទៅទៅទីភ្នាក់ងារUS Office of Government Ethics ឱ្យដឹងថា លោកត្រាំ មានគណនីចរន្ត (checking account) មួយនៅធនាគារ Signature Bank។ គណនី TRUST (សម្រាប់ទិញ-លក់អចលនទ្រព្យ) មួយដែលប្រើឈ្មោះរបស់លោក ត្រាំ ក៏មានគណនីបញ្ញើមានការប្រាក់ (money market account) មួយនៅធនាគារ Signature Bank ផងដែរ។

ក្រៅពីនេះ លោកត្រាំ ក៏មានទំនាក់ទំនងរកស៊ីជាមួយធនាគារធំៗជាច្រើនទៀតដែរ។

យោងតាមរបាយការណ៍ខាងលើបង្ហាញថា លោក ត្រាំ មានគណនីចរន្តដែលមានទឹកប្រាក់៥លានដុល្លារ និងគណនីសន្សំ២៥លានដុល្លារនៅធនាគារCapital One និងមានប្រាក់ចន្លោះពី៥០០.០០០ ដុល្លារទៅ១លានដុល្លារ នៅធនាគារ JPMorgan Chase។ ទោះជាយ៉ាងណា ធនាគារJPMorgan Chase បានដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

របាយការណ៍នេះ បានបង្ហាញទៀតថា លោកត្រាំ ក៏មានប្រាក់២៥០.០០០ ដុល្លារនៅក្នុងគណនីបញ្ញើ មានការប្រាក់មួយនៅធនាគារ Bank United ផងដែរ។

អ្នកនាំពាក្យធនាគារCapital One និយាយថា ធនាគារនេះគ្មានគោលការណ៍ទម្លា​យទំនាក់ទំនងរបស់អតីតអតិថិជន និងអតិថិជនបច្ចុប្បន្នរបស់ខ្លួនឡើយ ហើយបានបដិ​សេធមិនឆ្លើយបំភ្លឺនោះទេ។

របាយការណ៍ដដែលបានបង្ហាញទៀតថា លោក ត្រាំមានប្រាក់៥០.០០០ដុល្លារក្នុងគណនីចរន្តមួយនៅធនាគារ First Republic។ ទោះជាយ៉ាងណា អ្នកនាំពាក្យធនាគារនេះបានប្រាប់CNN ថា គណនីតែមួយគត់របស់លោកត្រាំ អសកម្ម ហើយពេលនេះត្រូវបានបិទចោលហើយ ប៉ុន្តែមិនបានបញ្ជាក់ថា គណនីនោះត្រូវបានបិទចោលពេលណាឡើយ។

ការសម្រេចឈប់រកស៊ីជាមួយលោក ត្រាំ នឹងជាការខាតបង់យ៉ាងធំធេងសម្រាប់ធនាគារ Deutsche Bank។ អ្នកដែលស្និទ្ធនឹងធនាគារនេះនិយាយថា អាណាចក្រជំនួញរបស់លោក ត្រាំ The Trump Organization ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ការិយាល័យរដ្ឋអាជ្ញាសង្កាត់Manhattan និងអគ្គរដ្ឋអាជ្ញាក្រុងញូវយ៉ក នឹងជំពាក់ប្រាក់ធនាគារDeutsche Bank បន្ថែមទៀតរហូតដល់ទៅប្រមាណ៣៤០លានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខ។

កាសែតNew York Times បានចុះផ្សាយកាលពីឆ្នាំ២០១៩ថា លោកត្រាំ និងអាណាចក្រជំនួញរបស់លោក បានខ្ចីប្រាក់ពីធនាគារDeutsche Bank សរុបរហូតដល់ទៅជាង២,៥ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here