ដោយៈ ចំណាន
ភ្នំពេញៈ អភិបាលរង ខេត្តសៀមរាប លោកឌី រ៉ាដូ បានចាត់ទុកការរៀបចំពិព័រណ៍ម្ហូបអាហារជប៉ុន នឹងក្លាយជាស្ពានចម្លងវប្បធម៌ និងរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តបានថ្លែងបែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបឆលខេត្តសៀមរាប បានចូលជាអធិបតីភាព ក្នុងពិធីពិព័រណ៍ម្ហូបអាហារជប៉ុន ដោយមានកាតចូលរួមពីលោក យូណាហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប និងប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ។
លោកបានបន្តថា វត្តមាននៃផលិតផលជប៉ុន នឹងផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរក្នុងខេត្តសៀមរាប បានស្គាល់ និងសាកល្បងនូវផលិតផល ដែលមានគុណភាពខ្ពស់ដោយផ្ទាល់។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្ម JETRO ដែលបានសម្រេចចិត្តជ្រើសរើសខេត្តសៀមរាប សម្រាប់រៀបចំកម្មវិធីដ៏មានអត្ថន័យនេះ បន្ទាប់ពីបានរៀបចំយ៉ាងជោគជ័យ នៅរាជធានីភ្នំពេញ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នា។
លោកអភិបាលរងខេត្ត តាមរយៈការរៀបចំពិព័រណ៍ម្ហូបអាហារជប៉ុននេះ វាបានបញ្ជាក់ឱ្យឃើញពីការជឿជាក់ លើសក្ដានុពលនៃខេត្តសៀមរាប និងការពង្រឹងចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែជិតស្និទ្ធថែមទៀតផងដែរ។
លោកក៏បានជំរុញ និងលើកទឹកចិត្តដល់យុវជនទាំងអស់ ពេលទំនេរពីការសិក្សា គួរចូលរួមលេងកីឡាផ្សេងៗ ដើម្បីសុខភាព និងសូមឱ្យប្អូនៗទាំងចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីកុំឱ្យខូចអនាគតទៅថ្ងៃក្រោយ។
ជាមួយគ្នានេះ លោក យូណាហ្សាវ៉ា អាត់ស៊ូស៊ី (Atsushi YONEZAWA) ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប ដែលតែងតែបានយកចិត្តទុកដាក់ និងចូលរួមគ្រប់សកម្មភាព ក្នុងន័យលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលប្រទេសជប៉ុន តែងរៀបចំឡើងក្នុងខេត្តសៀមរាប។
លោកបញ្ជាក់ថា “ការតាំងពិព័រណ៍ម្ហូបអាហារជប៉ុន និងការប្រកួតបាល់ទាត់មិត្តភាពនៅឱកាសនេះ នឹងក្លាយជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យម្ហូបអាហារ និងនាំយុវជនកម្ពុជាឱ្យមកស្រឡាញ់ និងលេងកីឡាគ្រប់ៗគ្នា”៕











