ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសរណ៍ លោកហួត ហាក់ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោកUENO Atsushi បានធ្វើដំណើរទស្សនាទេសភាពតាមដងផ្លូវ នៅតាមបណ្តោយផ្លូវរថភ្លើងឆ្លងកាត់ភូមិ ស្រុកនានានៅកម្ពុជា។
លោកហួត ហាក់បានថ្លែងថា ការធ្វើដំណើរតាមរថភ្លើង ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ ទទួលបាននូវបទពិសោធដ៏អស្ចារ្យបីយ៉ាង “បដិសណ្ឋារកិច្ចដ៏ល្បីល្បាញ-ស្នាមញញឹមកម្ពុជា ទេសភាពបៃតងដ៏ស្រស់ត្រកាល គយគន់មិនជិនណាយរបស់កម្ពុជា និងបច្ចេកវិទ្យាជប៉ុនប្រកបដោយសុវត្ថិភាព”។
លោក ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងសហការី បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីសក្តានុពលនៃការធ្វើដំណើរទេសចរណ៍តាមរថភ្លើង ពីរាជធានីភ្នំពេញទៅខេត្តកំពត អមដំណើរដោយតំណាងក្រុមហ៊ុន Royal Railway Cambodia។
ក្នុងឱកាសទស្សនកិច្ចដ៏មានសារៈសំខាន់ លោករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យលើទូររថភ្លើង និងអញ្ជើញធ្វើដំណើរតាមរថភ្លើងផ្ទាល់ ដោយបានកោតសរសើរ និងវាយតម្លៃចំពោះការរៀបចំដ៏ល្អរបស់ក្រុមហ៊ុន និងបទពិសោធថ្នាក់ទី១ នៃរថភ្លើង Kihaរបស់ប្រទេសជប៉ុន ព្រមទាំងស្ថានីយរថភ្លើងភ្នំពេញជាសំណង់បេតិកភណ្ឌ ដែលបានសាងសង់តាំងពីសម័យ អាណានិគមបារាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Royal Railway ដែលបានផ្តល់កិច្ចសហការដ៏ល្អ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ព្រមទាំងការផ្តល់សេវាកម្មការដឹកជញ្ជូនភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកធ្វើដំណើរគ្រប់សញ្ជាតិរហូតមក។
ទន្ទឹមនឹងនេះដែរ លោកហួត ហាក់ បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិ សាកល្បងបទពិសោធធ្វើដំណើរដោយរថភ្លើង ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងឱកាសគយគន់ទេសភាពបៃតង ដ៏ស្រស់ត្រកាលប្រៀបដូចជា ផ្ទាំងគំនូរពីឋានសួគ៌តាមផ្លូវ ជាពិសេសក្នុងរដូវកាលបៃតងនេះ។
បណ្ដាញផ្លូវដែកនៅកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន Royal Railway Cambodia មាន២ខ្សែសំខាន់ៗ រួមមានខ្សែផ្លូវដែកភាគជើង (ភ្នំពេញ–ប៉ោយប៉ែត) ឆ្លងកាត់ខេត្តពោធិ៍សាត់ និងបាត់ដំបង ព្រមទាំងខ្សែផ្លូវដែកភាគត្បូង (ភ្នំពេញ–ព្រះសីហនុ) ឆ្លងកាត់ខេត្តតាកែវ និងកំពតដែលជាខ្សែសំខាន់ សម្រាប់តភ្ជាប់រាជធានីភ្នំពេញទៅតំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍សំខាន់ៗទៀត។
ជាមួយគ្នានេះផងដែរ សេវារថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Royal Railway Cambodia បើកទទួលអ្នកដំណើរ៣ ទៅ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសនៅចុងសប្ដាហ៍ ដែលបានផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតតាមផ្លូវ ជាពិសេសតំបន់កំពង់ត្រាច និងតំបន់ឆ្នេរនិរតី ដែលមានទេសភាពភ្នំ៕











