គម្រោងផលិតប្រេងក្នុងតំបន់អប្សរាអាចទទួលបានប្រមាណ៣០លានបារ៉ែល នៅតំណាក់កាលទី១

ដោយៈសាវុធ

ភ្នំពេញៈ គម្រោងផលិតប្រេងនៅក្នុងតំបន់អប្សរា នៅតំណាក់ទី១នេះ អាចទទួលបាន៣០លានបារ៉ែល ខណៈបរិមាណផលិតជាមធ្យមបាន៧៥០០បារ៉ែលក្នុងមួយថ្ងៃ។

លោកជៀប សួរអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងក្នុងកិច្ចសម្ភាស៍មួយ ដែលចេញផ្សាយបន្តដោយក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា គម្រោងប្រេងកាតប្លុកនេះ គឺស្ថិតនៅដែនសមុទ្រកម្ពុជា ដែលមានចង្ងាយប្រមាណជា១៦០គីឡូម៉ែត្រពីក្រុងព្រះសីហនុនេះ។

លោកបានថ្លែងថា “ផែនការអភិវឌ្ឍន៍គម្រោងនេះ ក្រុមហ៊ុនបានបែងចែកចេញបីដំណាក់កាល។ ដំណាក់កាលទី១ គឺយើងអភិវឌ្ឍន៍នៅតំបន់អប្សរា ដំណាក់ទី២ គឺនៅតំបន់ប៉ូលូវៃនិងបាសិត ហើយដំណាក់ទី៣ គឺតំបន់អង្គារសិល៍្ប ហើយទីតាំងទាំងអស់នេះ គឺស្ថិតនៅក្នុងគម្រោងប្លុកA”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន KrisEnergy បានប៉ាន់ស្មានពីបរិមាណផលិតបានប្រេង ពីគម្រោងនេះ និងតំបន់អប្សរារួចរាល់ ហើយផ្លេតហ្វមទី១ អាចផលិតបានប្រមាណជា៦លានបារ៉ែល ហើយគិតជាបរិមា គឺអាចផលិតជាមធ្យមបាន៧៥០០បារ៉ែលក្នុងមួយថ្ងៃ។

លោកជៀប សួរបានថ្លែងថា “ប្រសិនបើដំណើរការរបស់ផ្លេតហ្វមទី១ ប្រព្រឹត្តិទៅ​ បានល្អ យើងនឹងដំណើការផ្លេតហ្វមបន្តបន្ទាប់ទៀត ហើយក្នុងតំបន់អប្សរាទាំងមូលនេះ អាចផលិតបាននៅតំណាក់ទី១នេះ ប្រហែលអាចទទួលបាន៣០លានបារ៉ែល”។

លោកបានបន្តទៀតថា ប្រេងទាំងអស់ យើងផលិតបានជាប្រេងឆៅ ហើយប្រសិ​នបើរោងចក្រចម្រាញ់ប្រេងកាត អាចចម្រាញ់បានហើយ យើងអាចចែកចាយសម្រាប់តម្រូវការ ក្នុងស្រុកយើងបាន ប៉ុន្តែដោយការសាងសង់រោងចក្រចម្រាញ់នេះ មានការរអាក់​រអួល ដោយសារក្រុមហ៊ុនដៃគូមានបញ្ហាហិរញវត្ថុ ដូច្នេះប្រេងដែលយើងផលិតបានប្លុកA យើងគ្មានជម្រើសអី្វ ក្រៅពីលក់ទៅទីផ្សារអន្តរជាតិនោះទេ។

លោកបានបញ្ជាក់ថា ការផលិតប្រេងដំបូងរបស់យើងនាពេលនេះ អាចបញ្ជាក់ថា កម្ពុជាជាប្រទេសមានប្រេង ហើយធ្វើឱ្យមានការជឿជាក់ទៅដល់អ្នកវិនិយោគផ្សេងៗ ក្នុងការមកបណ្តាក់ទុនវិនិយោគ និងធ្វើការអភិវឌ្ឍវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

លោកជៀប សួរបានបន្តថា “យើងបានធ្វើឱ្យវិស័យប្រេងកាតនេះ មានការរីកចម្រើន តាមរយៈមន្ត្រីនិងនិសិត្សរបស់យើង មានឱកាសបំពេញការងារក្នុងវិស័យនេះ ហើយបង្កើតចំណូលដល់រដ្ឋ តាមរយៈការយកពន្ធ និងចំណូលទទួលបានពីការបែងចែកចំណែកផលប្រេងដែលផលិតបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here