ដោយ៖ សាវុធ
ភ្នំពេញ៖ ចំនួនក្រុមហ៊ុន ដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានកើនដល់៧.២៩៣ក្រុមហ៊ុន ដែលជាចំនួនមួយដ៏ខ្ពស់ គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីប្រព័ន្ធនេះត្រូវបានដាក់ដំណើរការរយៈពេលជិត៧ខែ។ នេះបើយោងតាមការរបាយការណ៍របស់សេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
យោងតាមទិន្នន័យបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែមករា ក្នុងចំណោមក្រុមហ៊ុនសរុបទាំងអស់នោះគឺមានក្រុមហ៊ុនប្រហែល២.៩៧០ ត្រូវបានចុះបញ្ជីដោយជោគជ័យនៅលើថ្នាល Single Portal ខណៈក្រុមហ៊ុនចំនួន៦៥១ ផ្សេងទៀតកំពុងស្ថិតក្រោមការត្រួតពិនិត្យ។
ជាមួយគ្នានេះ ក្រុមហ៊ុនសរុប៣.៦៧២ ត្រូវបានបម្រុងក្នុងចំណោមនោះ៣.៤៦៣ ត្រូវបានអនុម័ត និងក្រុមហ៊ុននៅសល់កំពុងស្ថិតក្រោមការត្រួតពិនិត្យ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា បានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» ដោយបានដាក់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ចំនួន៦ ជាមួយគ្នា។
ក្រសួង និងស្ថាប័នរដ្ឋទាំង ៦ ដែលចុះបញ្ជីក្នុងប្រព័ន្ធនេះ គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្ថាប័នចំនួន៦ ផ្សេងទៀតគ្រោងនឹងដាក់បញ្ចូលក្នុងប្រព័ន្ធនេះ៕







