ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជំនាញកម្ពុជា និងជប៉ុនបានប្រារពសិក្ខាសាលាស្តីពីបច្ចេកវិទ្យា និងផលិតផលជប៉ុនលើកទី៣ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងស្វែងយល់អំពីដំណោះស្រាយទំនើប ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយចីរភាពនៅកម្ពុជា។
ភាគីកម្ពុជាមានការចូលរួមពីលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ តំណាងលោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី បច្ចេកវិទ្យា និងផលិតផលជប៉ុនលើកទី៣ ដែលជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងស្វែងយល់អំពីដំណោះស្រាយទំនើប ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយចីរភាពនៅកម្ពុជា។
សិក្ខាសាលារៀបចំឡើង ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ក្រុមហ៊ុន IKEE ក្រុមហ៊ុន Fukudome Corporation ក្រុមហ៊ុន Tanaka Co., Ltd និងក្រុមហ៊ុនSanou Co., Ltd និងមានការចូលរួមពីអង្គភាពក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កណ្តាល និង តាកែវ។
បទបង្ហាញបច្ចេកទេសលើប្រធានបទសំខាន់ៗ រួមមាន ការប្រើប្រាស់ICT និងការបំលែងឌីជីថល (DX) ក្នុងវិស្វកម្មស៊ីវិលសម័យថ្មី បច្ចេកវិទ្យាGeosynthetic Liner សម្រាប់ការគ្រប់គ្រងទឹក និងការការពារបរិស្ថាន វិធីសាស្រ្តជួសជុលតំណស្ពាន ដោយប្រើប្រាស់ប្រភេទកៅស៊ូ (SM joints) និងប្រព័ន្ធថែទាំផ្លូវថ្នល់ និងការលាយកៅស៊ូកែច្នៃដោយប្រើសមាសធាតុដើមទ្បើងវិញ៕









