អ្នកស្រុក “អង្គរ”នៅបន្តរក្សាទំនៀមទម្លាប់រៀបចំពិធីឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក

ដោយៈ សហសេវិក

    សៀមរាបៈ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តអធ្វា បានរួបរួមគ្នាប្រារព្ធកិច្ចពិធី “ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក” នៅនាប្រាង្គកណ្ដាល នៃប្រាសាទវត្តអធ្វា ដែលជាកិច្ចពិធីដ៏វិសេសវិសាលមួយក្នុងជំនឿបែបបុរាណ របស់សហគមន៍អ្នកស្រុកអង្គរ។

ពិធីដែលប្រារព្ធឡើងនៅថ្ងៃ៣កើត ខែពិសាខនេះ គឺជាមរតកអរូបីដែលឆ្លុះបញ្ចាំង ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស ជំនឿ និងធម្មជាតិ។ បើតាមទំនៀមទម្លាប់ ពិធីនេះមានអត្ថន័យសំខាន់ៗដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– ការចាប់ផ្តើមរដូវកាលថ្មី៖ ខុសពីពិធីឡើងអ្នកតានៅខែមាឃ (បញ្ជូនអ្នកតាចុះទឹក) ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់ ពិធីក្នុងខែពិសាខនេះ គឺជាសញ្ញាណនៃការ “បញ្ជូនអ្នកតាឡើងគោក” ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។

– ការសុំសេចក្តីសុខ និងទឹកភ្លៀង៖ អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់ សុំសេចក្តីសុខសប្បាយដល់សហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់ការងារកសិកម្ម ស្របពេលដែលរដូវភ្ជួររាស់ចាប់ផ្តើមចូលមកដល់។

– ការអភិរក្សមត៌កអរូបីក្នុងតំបន់អង្គរ៖ ទោះបីជាស្ថិតក្នុងសម័យកាលទំនើបយ៉ាងណាក្តី ក៏កិច្ចពិធីតាមបែបបុរាណនេះ នៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃ របស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួន។

នេះគឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំ នៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវបានថែរក្សាតកូនតចៅ។

ក្នុងកិច្ចការអភិរក្សនេះ អាជ្ញាធរជាតិអប្សរា តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកធនធាន និងស្មារតី ដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានមានលទ្ធភាព បន្តថែរក្សាទំនៀមទម្លាប់ដ៏មានតម្លៃទាំងនេះ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែជាការគោរពតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា “ព្រលឹង” នៃរមណីយដ្ឋានអង្គរ ឱ្យនៅបន្តមានជីវិតជានិរន្តរ៍។ បេតិក​ភណ្ឌអរូបី គឺជាអត្តសញ្ញាណ និងជាដង្ហើមនៃសហគមន៍យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here