ដោយ៖ លក្ខិណា
ភ្នំពេញ៖ ដើមឆ្នាំ២០២១នេះ សកម្មភាពដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថានៅមានសកម្មភាពមិនខុសពីចុងឆ្នាំ២០២០កន្លងទៅនោះទេ តែអ្វីដែលជាការកត់សម្គាល់នោះ ឃើញថាការដឹកជញ្ជូនតាមផ្លូវគោកហាក់មានសកម្មភាពច្រើន ខណៈសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសវិញនៅតែបន្តអសកម្ម។
លោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា ដើមឆ្នាំ២០២១នេះ ដោយសារតែវាទើបតែចាប់ផ្ដើមប៉ុន្មានថ្ងៃប៉ុណ្ណោះ យើងមិនទាន់ដឹងថា តើនឹងមានការរីកចម្រើនកម្រិតណានោះទេ ប៉ុន្តែយើងមើលឃើញថា ការដឹកជញ្ជូនតាមផ្លូវគោកនៅតែបន្ត ខណៈការដឹកជញ្ជូនតាមយន្តហោះនៅតែមានសកម្មភាពតិចតួចប៉ុណ្ណោះ ព្រោះថាប្រទេសមួយចំនួននៅតែមានបញ្ហាកូវីដ១៩ដដែល ហើយជើងហោះហើរទៅកាន់គោលដៅមួយចំនួនទៀតនៅតែបន្តផ្អាកដោយសារតែគ្មានភ្ញៀវ។
លោកបន្តថា សម្រាប់ការដឹកជញ្ជូនឆ្លងប្រទេស គឺនៅតែប្រើតាមផ្លូវទឹក ព្រោះវាមានតម្លៃទាបជាងការដឹកតាមផ្លូវអាកាស ហើយសម្រាប់ឆ្នាំ ២០២១នេះវិញ លោកជឿជាក់កំណើនតាមផ្លូវនេះ នឹងកើនឡើងវិញ ខណៈបណ្ដាប្រទេសដែលជាទីផ្សារធំសម្រាប់កម្ពុជាក៏មានសកម្មភាពសេដ្ឋកិច្ចល្អឡើងវិញ ដោយនឹងជំរុញការដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសនោះ គឺប្រទេសចិន ហើយនឹងដឹកវត្ថុធាតុដើមពីចិនមកកម្ពុជាវិញ ដើម្បីផ្គត់ផ្គង់ដល់ខ្សែច្រវ៉ាក់ផលិតកម្ម។
កន្លងមក អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានថ្លែងថា ជើងហោះហើរដែលចុះចតនៅកម្ពុជាធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០២០ ហើយបើតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជាវិញក៏បានបង្ហាញផងដែរថា អ្នកដំណើរបរទេសដែលមកដល់កម្ពុជា តាមច្រកអាកាសយានដ្ឋានទាំងបីរបស់កម្ពុជាមានចំនួន ត្រឹមតែជាង៧៤ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះជាង៨១ភាគរយធៀបនឹងឆ្នាំមុនខណៈឆ្នាំមុនមានចំនួនដល់ជាង៤លាននាក់។
តួលេខនេះ បានបង្ហាញពីការថមថយខ្លាំងនៃចរាចរណ៍តាមផ្លូវអាកាស ដែលវាជាវិស័យដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនៃប្រទេសនីមួយៗ និងពិភពលោកទាំងមូល៕