ដោយៈ ចំណាន
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន HyalRoute Communication Group ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនCFOCN ក៏ដូចជាក្រុមហ៊ុនCFOCNផ្ទាល់ ក្នុងការបន្តគាំទ្រដល់ការអនុវត្ត គម្រោងអ៊ីនត្រាណិតជំហានទី២។
ការបញ្ចេញព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវ គម្រោងអ៊ីនត្រាណិតជំហានទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពិធីចុះហត្ថលេខាប្រគល់ ទទួលនៅថ្ងៃនេះ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទទួលជួបគណៈប្រតិភូក្រុមហ៊ុន HyalRoute Communication Group និងគណៈប្រតិភូក្រុមហ៊ុនCFOCN ដឹកនាំដោយលោកស្រីDana Dong នាយិកាប្រតិបត្តិក្រុមហ៊ុន HyalRoute Communication Group ។
ក្នុងជំនួបនោះ លោកបណ្ឌិតសភាចារ្យ បានសម្តែងការរីករាយ និង ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសនៃការចូលរួមកម្មវិធី “ប្រកាសបើកជំហានទី៤ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”។
លោកស្រី Dana Dong បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគាំទ្រដល់ដំណើរការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញតភ្ជាប់របស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០០៦។
ជាមួយនេះ លោកស្រី Dana Dong បានរាយការណ៍អំពីស្ថានភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានធ្វើបច្ចុប្បន្នភាពគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញខ្សែកាប្លិ៍ក្រោមដីរបស់ក្រុមហ៊ុន ។
លោកស្រីបានបញ្ជាក់ជាថ្មី អំពីគោលជំហរបស់ក្រុមហ៊ុន HyalRoute Communication Group ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនCFOCN ក៏ដូចជាក្រុមហ៊ុនCFOCNផ្ទាល់ ក្នុងការបន្តគាំទ្រដល់ការអនុវត្ត គម្រោងអ៊ីនត្រាណិតជំហានទី២ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវ គម្រោងអ៊ីនត្រាណិតជំហានទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពិធីចុះហត្ថលេខាប្រគល់ -ទទួលនៅថ្ងៃនេះ។
លោកបណ្ឌិតសភាចារ្យ បានសម្តែងការសាទរ ចំពោះភាពប្រសើរឡើងវិញជាបណ្តើរៗ នៃអាជីវកម្មរបស់ក្រុមហ៊ុន និង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ ដែលជាគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញឆន្ទៈក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងនាមជាដៃគូសហការយូរឆ្នាំ សំដៅធ្វើឱ្យស្ថានភាពនៃអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កាន់តែប្រសើរឡើងជាលំដាប់ ។
លោកបានគូសរំលេចជូនគណៈប្រតិភូក្រុមហ៊ុន អំពីសមិទ្ធផល ដែលកើតចេញ ពីការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកកសាងសង្គម និង សេដ្ឋកិច្ចឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា និងការធ្វើបរិវត្តកម្មឌីជីថល របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិតសភាចារ្យ បានស្នើក្រុមហ៊ុនឱ្យបន្តជួយគាំទ្រ និង ចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងដំណើរការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញខ្សែកាប្លិ៍ក្រោមដី ជាពិសេស ការងារអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២ សំដៅគាំទ្រដល់ការពង្រឹងគុណភាព នៃការផ្ដល់សេវាសាធារណៈនានារបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕








