កម្ពុជា បារាំងពិភាក្សាពីការជម្រុញការវិនិយោគមកកម្ពុជាឲ្យបានកាន់តែច្រើន

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោកOliver Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភា​ក្សាការងារ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ លោកឧបនា​យករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកOliver Richard ក្នុងការអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជានាឱកាសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់កន្លងមក។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពីព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ខាងមុខនេះ និងផែនការនៃការរៀបចំព្រឹត្តិការណ៍អមសម្រាប់វិស័យពាណិជ្ជកម្ម និងធុរកិច្ច។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើចំណុចគន្លឹះមួយចំនួន រួមមានការជំរុញការវិនិយោគផ្ទាល់ពីបារាំង (FDI) ដោយក្នុងនោះដែរ លោកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសម្របសម្រួល និងរៀបចំវេទិកាធុរកិច្ចនានា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនបារាំង និងដៃគូក្នុងស្រុកឱ្យកាន់តែជិតស្និទ្ធ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែអំពីសក្តានុពលវិនិយោគនៅកម្ពុជា ភាពអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកម្ពុជា-សហរដ្ឋអាមេរិក ដែលសុទ្ធតែជាកត្តាដែលផ្តល់នូវភាពទាក់ទាញ ដល់ក្រុមហ៊ុនធំៗពីប្រទេសបារាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here