ដោយៈលក្ខិណា
ភ្នំពេញៈ ជំនាញផ្នែកគណនេយ្យ នៅក្នុងប្រទេសកម្ពុជាមានតម្រូវការខ្ពស់ ជាងការផ្គត់ផ្គង់ទៅកាន់ទីផ្សារវិញ ហើយមួយចំនួនតូចប៉ុណ្ណោះ នៃអ្នកបម្រើការក្នុងជំនាញគណនី និងហិរញ្ញវត្ថុនេះ ដែលមានជំនាញច្បាស់លាស់ ដែលទាមទារឱ្យមានការបណ្ដុះបណ្ដាលជំនាញការងារនេះបន្ថែមទៀត សម្រាប់ទីផ្សារការងារប្រទេសកម្ពុជា។
លោកបណ្ឌិតផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារការងារគណនេយ្យ និងហិរញ្ញវត្ថុ មានច្រើនណាស់ខណៈសាលាមានតិចតួច ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារវិញ ជាក់ស្ដែងក្នុងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងមួយឆ្នាំៗមិនទាំងមានសិស្សផ្ដល់ជូនដៃគូ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាផង ខណៈសិស្សខ្លះស្ថិតនៅក្នុងពេលកំពុងរៀន តែមានការងារធ្វើរួចទៅហើយ ។
លោកបន្តថា “អ្វីដែលនៅខ្វះខាត គឺដោយសារអ្នកជំនាញជំនាន់មុនៗ មិនមានឱកាសបង្ហាត់បង្ហាញ និងបណ្ដុះបណ្ដាលដល់សិស្សបន្ត ទើបធ្វើឱ្យជំនាញផ្នែកនេះ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ មានត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា”។
លោកផុន ណារិនបានបន្ថែមថា ចាប់ពីឆ្នាំ ២០២១នេះតទៅ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា នឹងពង្រីកការបណ្ដុះបណ្ដាលនេះបន្ថែមទៀត ក្នុងពេលសាលា ក៏ទើបតែទទួលបានការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡា ឱ្យបើកការបណ្ដុះបណ្ដាលជំនាញ គណនី និងហិរញ្ញវត្ថុ។
លោកបន្តថា “អ្នករៀនជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ មិនខ្វះការងារសម្រាប់ធ្វើនោះទេ ជាពិសេសជំនាញ ដែលទាក់ទងនឹងបច្ចេកវិទ្យា ដូចជាFintech ជាក់ស្ដែងគ្រាន់តែធនាគារអេស៊ីលីដា មួយក៏អាចទទួលសិស្សចេញ ពីសាលាទៅធ្វើការក៏បានចំនួនច្រើនដែរ ហើយនៅពេលដៃគូរជាច្រើនទៀត ដែលស្នើសុំសិស្សពីសាលាដើម្បីធ្វើការងារក្នុងស្ថាប័ន”។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិត ងី តាយីធ្លាប់បានឡើងថា បើនិយាយពីគណនេយ្យករ នៅក្នុងប្រទេសកម្ពុជាយើង គឺបានត្រឹមតែធ្វើបញ្ជីស្នាមធម្មតាប៉ុណ្ណោះ តែកម្រិតស្តង់ដារថ្នាក់អន្តរជាតិCPA នៅមានកម្រិតនៅឡើយ ហើយបើបូកសរុបទូទាំងប្រទេស មានត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ ដែលទាមទារឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញគណនេយ្យ និងហិរញ្ញវត្ថុឱ្យបានច្រើនទៀត ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ប្រទេស ៕







