ដោយៈសុខុម
ញូវយ៉ក: នៅពេលធនាគារអាមេរិកធំៗ បានចាប់ផ្ដើមបញ្ចេញរបាយការណ៍របស់ខ្លួនសម្រាប់ត្រីមាសទី៤ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ជាលទ្ធផលមួយចំនួនបង្ហាញថា ប្រាក់ចំណេញរបស់ខ្លួន បានធ្លាក់ចុះរហូតដល់ទៅ៤០% គិតចាប់តាំងពីឆ្នាំ២០១៨ មុនពេលផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១១ មករា។
ទោះជាយ៉ាងណា បណ្ដាវិនិយោគិននឹងផ្តោត លើការស្វែងរកវិធីធ្វើយ៉ាងណាឱ្យប្រាក់ចំណេញកើនឡើងវិញក្នុងឆ្នាំ២០២១ ។
លោកJason Goldberg អ្នកវិភាគប្រចាំធនាគារវិនិយោគ ពហុជាតិសាសន៍អង់គ្លេស Barclays បានលើកឡើងថា គួរចាត់ទុកត្រីមាសទី៤ ជាត្រីមាសអន្តរកាល ហើយសម្លឹងឆ្ពោះទៅរកស្ថានភាពប្រសើរឡើងក្នុងឆ្នាំ២០២១ ។
អ្នកវិភាគរូបនេះបន្ថែមទៀតថា “ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យអត្រាការប្រាក់ និងប្រាក់ចំណេញធ្លាក់ចុះខ្លាំងមិនធ្លាប់មាន។ លោកបន្តថា “ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក៏បានជំរុញឱ្យធនាគារអាមេរិកធំៗ បានលៃទុកថវិកាជាង៦៥ពាន់លានដុល្លារ សម្រាប់ការខាតបង់ឥណទានរំពឹងទុកផងដែរ។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនផ្ដល់ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុពិភពលោក Refinitiv ប្រាក់ចំណេញរបស់ធនាគារនានា នឹងកើនឡើងលើសទ្វេដងក្នុងត្រីមាសទី១ និងត្រីមាសទី២ ដើមឆ្នាំ២០២១ ។
ភាគហ៊ុនរបស់ធនាគារបានហក់ឡើង៣៥% គិតចាប់តាំងពីដើមខែវិច្ឆិកា ចុងឆ្នាំ២០២។ ចាប់តាំងពីពេលនោះមក វ៉ាក់សាំងកូវីដ-១៩ ដែលមានប្រសិទ្ធភាពត្រូវបានចាប់ផ្តើមចែកចាយ ហើយពួកគណបក្សប្រជាធិបតេយ្យ ក៏បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដោយគណបក្សឈ្នះឆ្នោត បានសន្យាបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចបន្ថែមទៀត។
ធនាគារកណ្ដាលអាមេរិក Federal Reserve និយាយថា ខ្លួននឹងអនុញ្ញាតឱ្យធនាគារនានា ទិញយកភាគហ៊ុនឡើងវិញជាថ្មីម្តងទៀត ដែលនឹងធ្វើឱ្យប្រាក់ចំណូលក្នុងមួយភាគហ៊ុនៗកើនឡើង។
គិតត្រឹមថ្ងៃសុក្រ សប្ដាហ៍មុន របាយការណ៍របស់ធនាគារ Citigroup Inc បង្ហាញថា ប្រាក់ចំណេញរបស់ខ្លួន ប្រចាំត្រីមាសទី៤ បានធ្លាក់ចុះ៤២% ហើយប្រាក់ចំណេញរបស់ធនាគារ Wells Fargo & Co បានធ្លាក់ចុះ ៣៩% ចំណែកឯប្រាក់ចំណេញរបស់ធនាគារ JPMorgan Chase & Co បានធ្លាក់ចុះត្រឹមតែជាង ៥% ប៉ុណ្ណោះ។
ធនាគារទាំងបីនេះ បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នៅសប្តាហ៍បន្ទាប់ ប្រាក់ចំណេញប្រចាំត្រីមាសរបស់ធនាគារ Bank of America Corp ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ៣៣% ។
តាមរំពឹងទុកថា ប្រាក់ចំណេញរបស់ធនាគារ Morgan Stanley នឹងកើនឡើង ១% ហើយប្រាក់ចំណេញរបស់ធនាគារ Goldman Sachs Group Inc នឹងកើនឡើងរហូតដល់៤៣% ដោយសារការឡើងថ្លៃភាគហ៊ុនក្នុងទីផ្សារមូលធន៕