កម្ពុជា និង​អឺរ៉ុប បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ចូលរួម​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា និង​អឺរ៉ុប បាន​ឯកភាព​ជាគោលការណ៍ លើ​អាទិភាព​សម្រាប់​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុ​ជា ឆ្នាំ២០២១-២០២៧ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការលើកស្ទួយ​វិស័យ​ឯកជន​និង​ការងារ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការឯកភាព​នេះ​ត្រូវបាន​ធ្វើឡើង​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅ​ទីស្តីការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​កិច្ចប្រជុំ​មួយ​រវាង​លោក​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​តំណាង​សហភាព​អឺរ៉ុប និង​តំណាង​ដៃគូ​អឺរ៉ុប​ប្រចាំ​កម្ពុជា (ឆែក បារាំង អាល្លឺម៉ង់ ស៊ុយ​អ៊ែត និង​ស្វី​ស) ដឹកនាំ​ដោយ​លោក Franck Viault អគ្គទីប្រឹក្សា និង​ជា​ប្រធាន​ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។

បន្ទាប់ពី​កិច្ច​ជុំ ភាគី​ទាំងពីរ បាន​ឯកភាព​ជាគោលការណ៍ លើ​អាទិភាព​សម្រាប់​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ច​សហ ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ២០២១-២០២៧ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ គឺ​ទី១ ការអភិវឌ្ឍ​ធនធានមនុស្ស ទី២ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ទី៣ ការលើកស្ទួយ​វិស័យ​ឯកជន និង​ការងារ និង​ទី៤ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

លោក​ឈៀង យ៉ាណា​រ៉ា​បាន​ថ្លែងថា សហភាព​អឺរ៉ុប និង​ដៃ​គួ​អឺរ៉ុប​សម្រេចបាន សមិទ្ធផល​ដ៏​ល្អប្រសើរ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុ​ជា ឆ្នាំ២០១៤-២០២០ និង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ២០១៤-២០២០ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ កន្លងមក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប និង​ដៃ​គួ​អឺរ៉ុប​ទាំងអស់ បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការទប់ស្កាត់ ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ និង​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​សង្គម- សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នាពេល​កន្លងមក។

តំណាង​ដៃគូ​អឺរ៉ុប​សម្រេចបាន​តាមរ​យៈ​វឌ្ឍនភាព​នៃ​វិស័យ អាទិភាព​ចំនួន៤ រួមមាន៖ ១) ការអភិវឌ្ឍ​វិស័យ​សង្គមកិច្ច ២) ការជំរុញ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​សមធម៌ និង​ចីរភាព ៣) ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង និង​ជនបទ និង៤) អភិបាលកិច្ច និង​អន្តរ​វិស័យ។ សមិទ្ធផល​ទាំងនេះ គឺជា​សក្ខីភាព​នៃ​ការប្តេជ្ញា​បន្ត​គាំទ្រ​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​សហព័ន្ធ​ស្វី​ស​សម្រាប់​ដំណើរការ​នៃ​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា។

ទន្ទឹមនឹងនេះ តំណាង​ដៃគូ​អឺរ៉ុប បានរៀបចំ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ សម្រាប់​កម្ពុជា​ឆ្នាំ២០២១-២០២៧ និង​សេចក្តីព្រាង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ២០២១-២០២៧ គឺ​នឹងត្រូវ​បញ្ចប់​នា​ចុងខែ​មករា ឆ្នាំ២០២១នេះ ដើម្បី​ត្រៀម​សម្រាប់​ដាក់​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល និង​អនុសាសន៍ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប-ដៃ​គួ​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ដោយឡែក ចំពោះ​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ២០២១-២០២៧ ដែលជា​កម្មវិធី​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ភាគី​ទាំង​ពីរបាន​ឯកភាព​ជាគោលការណ៍ លើ​វិស័យ​អាទិភាព​ចំនួន៣ រួមមាន៖ ១) វិស័យសេដ្ឋកិច្ច និង​ការងារ ២) វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង ៣) វិស័យ​អភិបាលកិច្ច។

ក្នុង​ចន្លោះ​ឆ្នាំ១៩៩២-២០២០ ដៃ​គួ​អឺរ៉ុប (សហភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​ចំនួន១០ ព្រមទាំង​សហព័ន្ធ​ស្វី​ស) បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ប្រមាណ៤២០០លាន​ដុល្លារ​អាមេរិក សមមូល១៩% នៃ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​បានផ្តល់​ដល់ក​ម្ពុ​ជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here