អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជា ២៨៨៩លាន​ដុល្លារ

ដោយៈ​សាវុធ

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាស​ប្រមូលបាន​ចំណូល​ពី​ពន្ធដារ ជាង ២៨៨៩លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០ បើទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វិដ១៩ ក៏ដោយ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ។

ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ២០២០ ព្រមទាំង​លទ្ធផល​ការងារសំខាន់ៗ សម្រេចបាន​ក្នុង​ឆ្នាំ២០២០ និង​វិធានការសំខាន់ៗសម្រាប់​អនុវត្តន៍​បន្ត ក្នុង​ឆ្នាំ២០២១របស់​ស្ថាប័ន​នេះ។

ចំពោះ​លទ្ធផល​ប្រមូល​ពន្ធ​ក្នុង​ខែធ្នូ ឆ្នាំ២០២០ លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្ហាញថា សរុប​រយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ) មាន​ចំនួន១១ ៧០០.៥២ប៊ី​លាន​រៀល (ប្រមាណ​ជា ២ ៨៨៩.០២លាន​ដុល្លារ​អាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រមូល​ចំណូល​ពី​ពន្ធដារ ក្នុង​ឆ្នាំ២០២០នេះ​គឺ​ស្មើនឹង១០១.៣៦% នៃ​ផែនការ​ប្រចាំឆ្នាំ ធៀប​នឹង​ចំណូល​ពន្ធ-អាករ​ប្រមូលបាន​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ២០១៩ កើនឡើង​ចំនួន ៤២៣.២០ ប៊ី​លាន​រៀល (ប្រមាណ​ជា ១០៤,៤៩ លាន​ដុល្លារ​អាមេរិក) ស្មើនឹង ៣.៧៣% ទោះ​ក្នុងស្ថានភាព​សេដ្ឋកិច្ច​សាកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​មិនទាន់មាន​ភាពប្រាកដប្រជា ជាពិសេស មានការ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

លោក គង់ វិបុល បាន​បញ្ជាក់ថា លទ្ធផល​ជាទី​មោទនៈ​នេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេស​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ-១៩ បាន​ពេញលេញ​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ឆ្នាំ២០២០កន្លងមក និង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ ប្រកបដោយ​ភាពឈ្លាសវៃ និង​ការដាក់​ផែនការ​យ៉ាង​មុត​ស្រួច​របស់ អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here