រដ្ឋមន្រ្តីៈការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយ គឺអាស្រ័យលើការប្តេជ្ញាចិត្ត ចូលរួមកិច្ចសន្ទនាសង្គម

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានថ្លែងថា បទពិសោធកម្ពុជាបានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយ គឺអាស្រ័យលើការប្តេជ្ញាចិត្ត ចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវេទិកាដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណចំពោះលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោកស្រី Froukje Boele ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានសហការរៀបចំវេទិកានាពេលនេះ ជាវេលាដ៏សមស្របមួយ ខណៈស្ថានភាពពិភពលោក កាន់តែមិនប្រាកដប្រជា និងជះផលអវិជ្ជមានជាច្រើនលើសេដ្ឋកិច្ច ដែលតម្រូវឱ្យយើងកាន់តែរួមគ្នាជម្នះរាល់ឧបសគ្គ ស្វែងរកដំណោះស្រាយ ដើម្បីអាចរក្សាបាននូវបរិយាកាសវិនិយោគ និងរក្សាបាននូវការងារជូនបងប្អូនកម្មករនិយោ​ជិត ជាពិសសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិត​ផលធ្វើដំណើរ (GFT)នៅកម្ពុជា។

ការពង្រឹងការឈ្វេងយល់ពីគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការប្តេជ្ញាចិត្តរួម ចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងសុខ​ដុមរមនា គឺជាសសរស្តម្ភនៃទំនាក់ទំនងវិជ្ជាជីវៈ។ ភាពជាដៃគូនេះបានវិវត្តទៅជាគំរូ ដែលទទួលស្គាល់ជាសកល ដោយផ្តល់នូវការកែលម្អជាក់ស្តែងនៅក្នុងលក្ខខណ្ឌការងារ ការអនុលោមតាមច្បាប់ស្តីពីការងារ និងតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

លោកហេង សួរបានបញ្ជាក់ថា “កម្ពុជាបន្តពង្រឹងយន្តការទ្វេភាគី យន្តការត្រីភាគី យន្តការត្រីភាគីបូក ដើម្បីបង្កើតបាននូវវប្បធម៌កិច្ចសន្ទនាសង្គម ជាពិសេសនៅកម្រិតសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីធានាបាននូវភាពសុខុដុមនីកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ”។

ក្រសួងក៏ពង្រឹងប្រព័ន្ធអធិការកិច្ចការងារ ដើម្បីបង្កើនការអនុលោ​មតាមច្បាប់ស្តីពីការងារ និងលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេសអនុសញ្ញាលេខ ៨៧ និង ៩៨ ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ អង្គការវិជ្ជាជីវៈចំនួន ៦ ៨៩០ បានចុះបញ្ជី។

លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យបន្តលើកទឹកចិត្ត តួអង្គទាំងអស់ឱ្យចូលរួម ប្រកបដោយន័យស្ថាបនា ក្នុងយន្តការសន្ទនាសង្គមនៅគ្រប់កម្រិត បន្តវិនិយោគលើការកសាងសមត្ថភាព ដើម្បីធានាថាទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងសុចរិតភាព ម្ចាស់ម៉ាកល្បីៗ និងអ្នកបញ្ជាទិញ គួរដើរតួនាទីកាន់តែសំខាន់ក្នុងការរក្សាទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងវប្បធម៌អនុលោមភាព ដើម្បីធានាថាកម្ពុជា នៅតែធានាបានភាពប្រកួតប្រជែង និងជាប្រទេសដែលប្រភពទំនិញប្រកបដោយការទទួលខុសត្រូវសង្គម។

នាឱកាសនោះដែរ លោកChristian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោកស្រី Froukje Boele ប្រធានគម្រោង ILO-BFC បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងវិជ្ជាជីវៈ ដែលកើតចេញពីការប្តេជ្ញាចិត្តរួមរបស់រាជរដ្ឋាភិបាល និយោជក និងសហជីព ក្នុងការពង្រឹងវិស័យផលិតកម្ម និងលើកកម្ពស់សិទ្ធិកម្មករនិយោ​ជិត តាមរយៈសន្ទនាសង្គម និងកិច្ចសហប្រតិបត្តិការ។

ពួកគាត់ប្តេជ្ញាគាំទ្រ ក្នុងការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ ដ៏រឹងមាំ ដែលជួយបង្កើនផលិតភាព និងស្ថិរភាពការងារ ព្រោះថាការចូលរួមរបស់ភាគីទាំងអស់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី នឹងជួយបន្តលើកកម្ពស់វិស័យនេះឱ្យមានចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here