ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងវិស័យឯកជនបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យពិភាក្សា លើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់នេះ។
កិច្ចប្រជុំនេះមានការចូលរួមផងដែរ ពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក. រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.ឯ.រ.ជ.), តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ., តំណាងក្រុមការងារទាំង១៦នៃ គ.ស.ឯ.រ.ជ., អ្នកជំនាញនៃកម្មវិធី CAPRED និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយរលូន និងបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅ លើរបៀបវារៈយុទ្ធសាស្ត្រចំនួនពីរ៖រួមមាន៖ (១) ខ្លឹមសារនៃសេចក្តីព្រាង របាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និង(២)ការពន្លឿនការរៀបចំសៀវភៅណែនាំស្តីពី ស្តង់ដានីតិវិធីប្រតិបត្តិ (SOP) នៃការរៀបចំ និងប្រព្រឹត្តទៅនៃយន្តការវេទិកាG-PSF ដែលគ្រោងនឹងសម្រេចឱ្យបានរួចរាល់ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។
ឯកសារSOP នេះ នឹងក្លាយជាត្រីវិស័យ សម្រាប់តម្រង់ទិសការធ្វើការងាររួមគ្នារវាងរដ្ឋ និងវិស័យឯកជន ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់។
អង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជាមួយស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
បន្ថែមពីនោះ អង្គប្រជុំក៏បានធ្វើការវាយតម្លៃខ្ពស់ និងឯកភាពទៅលើខ្លឹមសារ នៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដែលបានរៀបចំព្រាងឡើង និងគ្រោងដាក់ជូនទៅកាន់ទីស្តី ការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងបន្តតាមនីតិវិធី មុននឹងឈានទៅដល់ការគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ៕









