ផ្លូវតភ្ជាប់ព្រំដែនថៃ-កម្ពុជាក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់នឹងក្លាយជាច្រក សេដ្ឋកិច្ចថ្មីមួយទៀត

ដោយៈសាវុធ 

ពោធិ៍សាត់ៈ គម្រោងសាងសង់ផ្លូវមួយខ្សែ តភ្ជាប់រវាងភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត ប្រទេសថៃ មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ប្រទេសកម្ពុជា ក្រោមការចំណាយរបស់ថៃត្រូវបានបញ្ចប់ ការសាងសង់ជាស្ថាពរហើយ។

អភិបាលខេត្តពោធិ៍សាត់ លោកម៉ៅ ធនិន បានមានប្រសាសន៍នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ការតភ្ជាប់ផ្លូវមួយខ្សែនេះ ជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសកម្ពុជា-ថៃ ជាពិសេសធ្វើឱ្យស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសក្តានុពេលសេដ្ឋកិច្ចថែមមួយកម្រិតទៀត។

លោកបានថ្លែងថា “កំណាត់ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូប្រភេទ AC មានទឹង១៤ម៉ែត្រ ប្រវែងជិត ២០០០ម៉ែត្រចែកចេញជា៤គន្លង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការសម្រេចសាងសង់កំណាត់ផ្លូវនេះ គឺបន្ទាប់ពីសភាថៃបានអនុម័ត ក្រោមកិច្ចចុះហត្ថលេខារបស់លោកឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ ឯកភាពតាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅពាក់ព័ន្ធការពន្លឿនបើកច្រកព្រំដែនអន្តរជាតិនេះ។

លោកបានឱ្យដឹងទៀតថា “ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនេះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសថៃ និងប្រទេសកម្ពុជា”។

ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ដាច់ស្រយាលមួយ ពីអតីតកាលនោះ បាននិងកំពុងក្លាយទៅជាតំបន់ មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ និងកសិកម្ម បន្ទាប់ពីផ្លូវមួយជាតិមួយខ្សែ គឺផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោ​ធឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០កន្លងទៅ។

ស្រុកនេះក៏ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ មានទឹកជ្រោះ និងជួរភ្នំ ខណៈស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ។ ការតភ្ជាប់ផ្លូវធ្វើដំណើរកាន់តែងាយស្រួល រវាងខេត្តពោធិ៍សាត់របស់កម្ពុជា និងខេត្តត្រាត របស់ថៃ តាមច្រកថ្មដា នឹងទាក់ទាញកាន់តែខ្លាំងលើវិស័យទេសចរណ៍រវាងខេត្តទាំងពីរ។

បច្ចុប្បន្ននេះនៅច្រកថ្មដានេះ នៅខាងទឹកដីកម្ពុជា មានការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ និងកន្លែងលំហែកាយជាច្រើន។ ក្រៅតែពីវិស័យទេសចរណ៍ ការតភ្ជាប់ខេត្តទាំងពីរតាមរយៈច្រកថ្មដា នឹងបង្កភាពងាយស្រួល ក្នុងការផ្លាស់ប្តូរទំនិញរវាងប្រទេ​សទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here