អស្ថិរភាពនយោបាយនៅសហរដ្ឋអាមេរិក ជាការវាយប្រហារមួយទៀតទៅ លើរូបិយប័ណ្ណដុល្លារ

ដោយៈសុខុម

ក្រុងឡុងដ៍: យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១០ មករា ឱ្យដឹងថា មានហេតុផលជាច្រើន ដែលបានជះផលប៉ះពាល់ខ្លាំងដល់រូបិយប័ណ្ណដុល្លារ នាពេលបច្ចុប្បន្ន ហើយក្នុងចំណោមនោះ រួមមាន ទាំងព្រឹត្តិការណ៍កុបកម្ម នៅវិមានរដ្ឋសភាកាពីតូលរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុនផងដែរ។

តើនឹងមានអ្វីកើតឡើង?? ជាទូទៅអស្ថិរភាពនយោបាយភាគច្រើន បង្កផលប៉ះពាល់លើរូបិយប័ណ្ណទូទាំងពិភពលោក ហើយអំពើហិង្សាដែលញុះញ៉ង់ដោយប្រធានា​ធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ទំនងជាមិនជួយបង្កើនទំនុកចិត្តលើរបិយប័ណ្ណដុល្លារ ដែលកំពុងតែធ្លាក់ថ្លៃនោះឡើយ។

ក្រុមហ៊ុនប្រឹក្សាយោបល់អំពីហានិភ័យនយោបាយ Eurasia Group ដែលមានមូលដ្ឋាននៅញូវយ៉ក បានសង្កត់ធ្ងន់ថា “ការបែកបាក់សាមគ្គីរបស់សហរដ្ឋអាមេរិក ជាហានិភ័យធំបំផុតសម្រាប់ឆ្នាំ២០២១”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលោក Ian Bremmer ប្រធានក្រុមហ៊ុន Eurasia Group ឱ្យដឹងថា អស្ថិរភាពនយោបាយ ក្នុងស្រុកនៅសហរដ្ឋអាមេរិក រួមជាមួយការគ្រប់គ្រងមិនបានល្អរបស់ប្រទេសនេះ ចំពោះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នឹងធ្វើឱ្យប្រធានាធិបតីទើបជាប់ឆ្នោតលោកចូ បៃឌិន ពិបាកនឹងរក្សាតួនាទីជារបស់អាមេរិក ក្នុងនាមឋានៈជាមហាអំណា​ចពិភពលោកលេខ១ ខ្លាំងណាស់ ទោះបីជាលោកខំប្រឹងប្រែងអស់ ពីលទ្ធភាពយ៉ាងណាក៏ដោយ។

លោកIan Bremmer បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា “សហរដ្ឋអាមេរិក ពេលនេះជួបអស្ថិរភាពនយោបាយខ្លាំងបំផុត និងបានធ្វើឱ្យបែកបាក់សាមគ្គី ក្នុងចំណោមបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលមានឧស្សាហកម្មជឿនលឿនបំផុតរបស់ពិភពលោក”។

ចាប់តាំងពីឡើងថ្លៃអំឡុងពេលទីផ្សារ កំពុងជួបស្ថានការណ៍ចលាចល កាលពីខែមីនា ឆ្នាំមុន រូបិយប័ណ្ណដុល្លារបានធ្លាក់ថ្លៃជាង១២% ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

សង្កាត់ហិរញ្ញវត្ថុ Wall Street បានយល់ស្របថា រូបិយប័ណ្ណដុល្លានៅតែប្រឈមហានិភ័យធ្លាក់ចុះបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here